Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងទេសចរណ៍៖ បាតុភូតព្រះអាទិត្យរះចំកំពូលកណ្តាលនៃប្រាសាទអង្គរ អាចនឹងកើតឡើងចន្លោះ ព្រលឹមថ្ងៃទី២១ ដល់២៣ ខែកញ្ញា ខាងមុខនេះ

    BY Liny Chan August 23, 2025
    ក្រសួងទេសចរណ៍៖ បាតុភូតព្រះអាទិត្យរះចំកំពូលកណ្តាលនៃប្រាសាទអង្គរ អាចនឹងកើតឡើងចន្លោះ ព្រលឹមថ្ងៃទី២១ ដល់២៣ ខែកញ្ញា ខាងមុខនេះ

    (ភ្នំពេញ)៖ ក្រសួងទេសចរណ៍ ចេញសេចក្ដីជូនដំណឹងស្តីពី ព្រឹត្តិការណ៍សមរាត្រី Equinox Angkor ដែលត្រូវបានគេស្គាល់ថា ជាបាតុភូតព្រះអាទិត្យ រះចំកំពូលកណ្តាលនៃប្រាសាទអង្គរ អាចនឹងកើតឡើង នៅចន្លោះព្រឹកព្រលឹមថ្ងៃទី២១ ដល់២៣ ខែកញ្ញា ឆ្នាំ២០២៥នេះ និងស្នើដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ចូលរួមទស្សនាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះកុំបីខាន។

    តាមរយៈសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍ បានឲ្យដឹងថា៖ ព្រឹត្តិការណ៍សមរាត្រី Equinox Angkor ដែលត្រូវបានស្គាល់ថា ជាបាតុភូតព្រះអាទិត្យរះចំ កំពូលកណ្តាលនៃប្រាសាទអង្គរវត្ត បានស្តែងឃើញពី លក្ខណៈពិសេសរបស់បុព្វបុរសខ្មែរ ក្នុងការគិតគូរពីប្លង់ ស្ថាបត្យកម្ម ប្លង់សាងសង់ប្រាសាទ ការរៀបចំដីធ្លី ការគន់គូរតាមគណិតវិទ្យា ការគិតគូរពីដំណើរតារាសាស្ត្រ រួមផ្សំ ជាមួយជំនឿ ដែលបង្កើតបានជាបាតុភូតរះចំកំពូលកណ្តាលនៃប្រាសាទអង្គរវត្តនេះឡើង។

    សូមបញ្ជាក់ថា ព្រឹត្តិការណ៍សមរាត្រី Equinox Angkor តែងកើតឡើងចំនួន ២ដង ជារៀងរាល់ឆ្នាំ។ ដោយលើកទី១ គឺ សមរាត្រីរដូវប្រាំង (Vernal Equinox) អាចនឹងកើតឡើងនៅចន្លោះថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា នៅវេលាម៉ោង ៥:០០ព្រឹក ដល់ម៉ោង៦:៣០ព្រឹក និងលើកទី២ គឺសមរាត្រីរដូវវស្សា (Autumnal Equinox) ដែលអាចនឹងកើត ឡើងនៅចន្លោះថ្ងៃទី២១ ដល់២៣ ខែកញ្ញា វេលាម៉ោង៥:០០ព្រឹក ដល់ម៉ោង៦:៣០ព្រឹក។

    ព្រឹត្តិការណ៍សមរាត្រី Equinox Angkor គឺជាព្រឹត្តិការណ៍ដ៏ពេញនិយមបំផុតមួយ ដែលទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកពីគ្រប់ទិសទីប្រជុំគ្នា នៅខាងមុខច្រកចូលទិសខាងលិចនៃប្រាសាទអង្គរវត្ត ដើម្បីទស្សនា និងផ្តិតយក រូបភាពពីព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។

    ក្នុងឱកាសនេះ ក្រសួងទេសចរណ៍ សំណូមពរសាធារណជន និងភ្ញៀវទេសចរជាតិ-អន្តរជាតិទាំងអស់ចូលរួម ទស្សនាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះកុំបីខាន និងសូមចូលរួមផ្សព្វផ្សាយអំពី ទេសចរណ៍កម្ពុជាទាំងអស់គ្នាស្របតាម ពាក្យស្លោក «ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍» «ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព» និង «បុគ្គលម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជា ម្នាក់»៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: