អ្នកយកព័ត៌មានអន្តរជាតិដ៏ល្បីរបស់ Channel News Asia (CNA) របស់សិង្ហបុរី បានចុះថតទិដ្ឋភាពជាក់ស្តែង នៅភូមិជោគជ័យ និងភូមិព្រៃចាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ
(បន្ទាយមានជ័យ)៖ អ្នកយកព័ត៌មានអន្តរជាតិដ៏ល្បី Channel News Asia (CNA) របស់សិង្ហបុរី បានចុះថតទិដ្ឋភាពជាក់ស្តែង និងជួបសម្ភាសជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ នៅក្នុងភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នាថ្ងៃពុធ ទី២៧ ខែសីហា ឆ្នាំ២០២៥ ទីកន្លែងដែលទាហានថៃ ចូលមកឡោមព័ទ្ធបន្លាលួស។

អ្នកយកព័ត៌មានអន្តរជាតិដ៏ល្បី Channel Newsasia (CNA) របស់សិង្ហបុរី រូបនេះ ធ្លាប់បានចូលរួមមកយកព័ត៌មានផ្ទាល់នៅសមរភូមិព្រំដែនកម្ពុជា ដោយបង្ហាញពីការរងគ្រោះយ៉ាងធ្ងន់ធ្ងរ នៅក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ពេលទាហានថៃបានបាញ់ផ្លោងក្នុងរយៈពេល៥ថ្ងៃមកនោះ។
ពេលទៅដល់ទឹកដីឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ អ្នកយកព័ត៌មានអន្តរជាតិដ៏ល្បីរូបនេះ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី និងសមត្ថកិច្ចពាក់ព័ន្ធ ដោយនាំទៅកាន់កន្លែងដែលទាហានចូលមករាយបន្លាលួស និងរឹបអូសផ្ទះប្រជាពលរដ្ឋខ្មែរនៅភូមិជោគជ័យ និងភូមិព្រៃចាន់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News




