កម្ពុជាស្នើឱ្យអាមេរិកផ្តល់ជំនួយផ្នែកបច្ចេកទេស និងការអភិវឌ្ឍសមត្ថភាពស្ថាប័ន ក្នុងពេលចាកចេញពីក្រុមប្រទេស ដែលមានការអភិវឌ្ឍតិចតួច នៅឆ្នាំ២០២៩
(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ បានទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូនៃសភាសហរដ្ឋអាម៉េរិក (US Congressional Member Delegation – CODEL) ដឹកនាំដោយលោកស្រី Beth Van Duyne សមាជិកសភាតំណាងរដ្ឋ Texas ព្រមទាំងមានការចូលរួមពីបណ្ឌិត Rich McCormick សមាជិកសភាតំណាងរដ្ឋ Georgia និងលោក Suhas Subramanyam សមាជិកសភាតំណាងរដ្ឋ Virginia និងសហការីអមដំណើរទស្សនកិច្ចនេះ។

ជាមួយនឹងការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះគណៈប្រតិភូនៃសភាសហរដ្ឋអាម៉េរិក (CODEL) មកកាន់កម្ពុជា, អគ្គបណ្ឌិតសភាចារ្យ បានជម្រាបជូននូវស្ថានភាព និងការវិវឌ្ឍនៃសង្គម-សេដ្ឋកិច្ចកម្ពុជា ដែលបាន និងកំពុងរីកលូតលាស់ ក្នុងរយៈកាលជាង ៣ទសវត្សរ៍ចុងក្រោយនេះ បើទោះបីជាស្ថិតក្នុងបរិការណ៍នៃភាពមិនប្រាកដប្រជាខ្ពស់, ភាពតានតឹងនៃភូមិសាស្ត្រនយោបាយ, និងហានិភ័យនានាក្នុងតំបន់ និងសកល។
អគ្គបណ្ឌិតសភាចារ្យ ក៏បានសម្តែងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចសហប្រតិបត្តិការ លើកិច្ចព្រមព្រៀងពន្ធគយបដិការរវាងកម្ពុជា-សហរដ្ឋអាម៉េរិក និងកិច្ចខិតខំប្រឹងប្រែងរបស់លោក Donald J. Trump ប្រធានាធិបតីសហរដ្ឋអាម៉េរិក ក្នុងការសម្របសម្រួលឱ្យមានបទឈប់បាញ់រវាងកម្ពុជា-ថៃ។
ផ្សារភ្ជាប់ទៅនឹងអនុស្សាវរីយ៍នៃចំណងមិត្តភាពការទូត ក្នុងរយៈពេល ៧៥ឆ្នាំនៃប្រទេសទាំងពីរ, អគ្គបណ្ឌិតសភាចារ្យ បានគូសបង្ហាញអំពីសារសំខាន់ នៃការចូលរួមរបស់សហរដ្ឋអាម៉េរិក ក្នុងនាមជាដៃគូ-ពាណិជ្ជកម្ម និងដៃគូអភិវឌ្ឍន៍ ក្នុងការជំរុញដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច លើគ្រប់វិស័យ រួមមានវិស័យកាត់ដេរ, វិស័យកម្មន្តសាលមិនមែនកាត់ដេរ, វិស័យសុខាភិបាល, វិស័យហិរញ្ញវត្ថុ និងវិស័យបដិសណ្ឋារកិច្ចជាដើម។ ក្នុងនោះផងដែរ, ស្របពេលដែលកម្ពុជាកំពុងត្រៀមលក្ខណៈ ដើម្បីចាកចេញពីក្រុមប្រទេស ដែលមានការអភិវឌ្ឍតិចតួច នៅឆ្នាំ ២០២៩, កម្ពុជាបានស្នើឱ្យសហរដ្ឋអាម៉េរិកផ្ដល់នូវជំនួយបច្ចេកទេស និងការអភិវឌ្ឍសមត្ថភាពស្ថាប័ន ក្នុងដំណាក់កាលអន្តរកាលនេះ សម្រាប់រយៈពេលមធ្យម និងរយៈពេលវែងខាងមុខ។
ឆ្លៀតក្នុងឱកាសនេះ, លោកស្រីប្រធានគណៈប្រតិភូ ក៏បានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងជំហររបស់រាជរដ្ឋាភិបាល ដែលតែងតែប្រកាន់ខ្ជាប់នូវការខិតខំរក្សាសន្តិភាព និងស្ថិរភាព ដែលជាមូលដ្ឋានគ្រឹះសម្រាប់កសាងប្រទេសជាតិឱ្យមានការរីកចម្រើន។
ទន្ទឹមនេះ លោកស្រីប្រធានគណៈប្រតិភូ ក៏បានគូសបង្ហាញថា សហរដ្ឋអាម៉េរិក និងកម្ពុជា នឹងបន្តរឹតបន្តឹងចំណងសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច តាមរយៈការជំរុញពាណិជ្ជកម្ម និងវិនិយោគ, ការធ្វើបរិវត្តកម្មឌីជីថល, ការប្រើប្រាស់បញ្ញាសិប្បនិម្មិត, និងការលើកកម្ពស់បរិយាកាសធុរកិច្ច, ព្រមទាំងការចូលរួមសហការទប់ស្កាត់ និងបង្ក្រាបលើបទល្មើសបច្ចេកវិទ្យា និងការឆបោកតាមប្រព័ន្ធអនឡាញ និងបញ្ហាអន្តោប្រវេសន៍ សំដៅដល់ការកសាងកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព ភាពធន់ បរិយាប័ន្ន និងសមធម៌។
អគ្គបណ្ឌិតសភាចារ្យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក និងជូនពរ លោកស្រី Beth Van Duyne និងគណៈប្រតិភូនៃសភាសហរដ្ឋអាម៉េរិក ទទួលបាននូវលទ្ធផលជាផ្លែផ្កា ក្នុងការមកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលនេះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News







