Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    កម្លាំងនគរបាលខេត្តកំពង់ធំ ឃាត់រថយន្តខ្នាតយក្ស៣គ្រឿង ដឹកអង្ករដំណើបជាង ៨០តោន ដែលបើកចេញតាមច្រកកំពង់ស្រឡៅជាប់ឡាវ សង្ស័យគ្មានច្បាប់អនុញ្ញាត

    BY Liny Chan September 1, 2025
    កម្លាំងនគរបាលខេត្តកំពង់ធំ ឃាត់រថយន្តខ្នាតយក្ស៣គ្រឿង ដឹកអង្ករដំណើបជាង ៨០តោន ដែលបើកចេញតាមច្រកកំពង់ស្រឡៅជាប់ឡាវ សង្ស័យគ្មានច្បាប់អនុញ្ញាត

    (កំពង់ធំ)៖ ដោយមានការចង្អុលបង្ហាញ និងយកចិត្តទុកដាក់ពីលោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ, ឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត និងលោកឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល ស្នងការរងនគរបាលខេត្ត បានដឹកនាំកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រោមការសម្របសម្រួលនិតិវិធីច្បាប់ដោយលោក រស់ សារាំ ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្ត នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ បានឃាត់រថយន្តខ្នាតយក្សចំនួន៣គ្រឿង កាលពីវេលាម៉ោង ១៨៖៣០នាទីយប់ នៅលើផ្លូវជាតិលេខ៦២ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដោយត្រូវសង្ស័យថា ជារថយន្តដឹកអង្ករដំណើបនាំចូលពីប្រទេសឡាវតាមច្រកកំពង់ស្រឡៅ ខេត្តព្រះវិហារ។

    សមត្ថកិច្ចបានប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តកំពង់ធំ នៅរសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥ថា អង្ករដំណើបចំនួន ១.៦០០បេ ស្មើនឹង ៨០តោន ដែលធ្វើចរាចរណ៍ដឹកជញ្ជូនដោយរថយន្តទាំង៣ គ្រឿងគឺជាទំនិញដែល មានប្រភពនាំចូលពីប្រទេសឡាវ តាមរយៈផ្លូវទឹកដោយប្រើទូកជាមធ្យោបាយដឹកជញ្ជូនឆ្លងដែនចេញពីចំណុចភូមិមឹងសែន ប្រទេសឡាវ យកមកដាក់នៅចំណុចភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅ១ ស្រុកឆែប ខេត្តព្រះវិហារ ដើម្បីសាងដាក់រថយន្តធំ ហើយបន្តយកទៅចែកចាយច្រើនកន្លែងក្នុងប្រទេស

    ចំណែកឯកសារបញ្ជាក់ការបង់ពន្ធនាំចូលពីសាខាគយខេត្តព្រះវិហារ គឺបង់ពន្ធទៅលើមធ្យោបាយដឹកជញ្ជូនតាមទូក ដោយមានចំនួនតែ២ទូក ស្មើនឹង១.៣០០គីឡូក្រាមតែប៉ុណ្ណោះ។ សមត្ថកិច្ចបញ្ជាក់ថា នៅចំណុចភូមិស្រែ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក វេលាម៉ោង ១៨៖៤០នាទី បានត្រួតពិនិត្យរថយន្តមួយគ្រឿងម៉ាកហីយ៉ាន់ដាយពណ៌ ស-ខៀវ មានស្លាកលេខកំពង់ចាម 3A-6629 ស្លាកលេខរឺម៉ក 4A-0741 ដឹកអង្ករដំណើបចំនួន៥៦០បេ ស្មើនឹង ២៨តោន។

    នៅចំណុចភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ត្រង់ផ្លូវបំបែកខេត្តព្រះវិហារ-សៀមរាប នៅម៉ោង ២២៖២០នាទី កម្លាំងសមត្ថកិច្ច បានឃាត់រថយន្តពីរគ្រឿងបន្ថែមទៀតដោយរថយន្តម៉ាកវេអងពណ៌ស- ខៀវ ស្លាកលេខ 3B-2317 កំពង់ចាម ស្លាកលេខរឺម៉ក 4A-2058 កំពង់ចាម ដឹកអង្ករស្រូវដំណើប៥២០បេ ស្មើនឹង ២៦តោន។

    រថយន្តវេអង ស្លាកលេខ 3B-1929 កំពង់ចាម និងមានរឺម៉ក ដឹកអង្ករដំណើបចំនួន ៥២បេ ស្មើនឹង ២៦តោន។ ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ធំ កម្លាំងបានកសាងនីតិវិធីបញ្ជូនទៅតុលាការ ចាត់ការបន្តទៀត។

    ជុំវិញការចុះបង្ក្រាបខាងលើ លោកឧត្តមសេនីយ៍ទោ ហេង សុផល បានដាក់បទបញ្ជាឲ្យកងកម្លាំងទាំងអស់ ត្រូវពង្រឹងទៅលើសមត្ថភាពជំនាញរបស់ខ្លួន ដើម្បីសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: