ជាងចម្លាក់ថ្ម នៅតាមប្រាសាទបុរាណ អំពាវនាវឱ្យកូនខ្មែរ រួមគ្នាជួយថែរក្សាសិល្បៈដ៏មានតម្លៃរបស់ដូនតាខ្មែរ
(សៀមរាប)៖ លោក តឹក ទត់ អាយុ៥៨ឆ្នាំ កើតនៅភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប កំពុងបន្តរស់នៅក្នុងទឹក ដីនៃភូមិកំណើតរបស់គាត់ រហូតមកដល់សព្វថ្ងៃ។ បច្ចុប្បន្ន គាត់ជាអ្នកឆ្លាក់ក្បាច់ នៅប្រាសាទជម ជាប្រាសាទមួយ ក្នុងក្រុមប្រាសាទព្រះពិធូរ មានទីតាំងស្ថិតនៅក្នុងក្រុងអង្គរធំ ដែលចម្លាក់ក្បាច់មួយចំនួន មានការខូចខាតទៅហើយ ឱ្យលេចចេញជារូបរាងសិល្បៈលើថ្មឡើងវិញ ដើម្បីរក្សាមរតកដែលបន្សល់ទុកពីដូនតាខ្មែរ ឱ្យបានគង់វង្សតទៅមុខទៀត។

លោក តឹក ទត់ បានឱ្យដឹងថា គាត់បានធ្វើការជាអ្នកឆ្លាក់ក្បាច់ចម្លាក់នៅលើថ្ម នៅតាមការដ្ឋានជួសជុលប្រាសាទបុរាណរយៈពេលជាង៣០ឆ្នាំមកហើយ។
លោកបានចូលធ្វើការជាអ្នកជួសជុលប្រាសាទបុរាណ ដំបូងជាមួយក្រុមការងារនៃរដ្ឋាភិបាលជប៉ុនសម្រាប់ការអភិរក្សអង្គរ Japanese Government Team for Safeguarding Angkor (JSA) ប្រទេសជប៉ុន កាលពីឆ្នាំ១៩៩០។ ចាប់តាំងពីពេលនោះមក លោក បានចាប់យកជំនាញជាអ្នកឆ្លាក់ក្បាច់ចម្លាក់លើថ្មនៅតាមប្រាសាទបុរាណ នៅត្រង់កន្លែងណាដែលបាត់ ឬមើលមិនសូវច្បាស់ គឺឆ្លាក់ឱ្យឃើញចម្លាក់ឡើងវិញទៅតាមទម្រង់ដែលធ្លាប់មានពីមុន។
លោក តឹក ទត់ បានរៀនសូត្រផ្នែកអក្សរសាស្រ្តខ្មែរ បានត្រឹមថ្នាក់ទី៤បឋមសិក្សាប៉ុណ្ណោះ ក៏ប៉ុន្តែ ក្នុងរយៈពេលជាង៣០ឆ្នាំមកនេះ លោកមានស្នាដៃជួសជុលប្រាសាទបុរាណជាច្រើនដូចជា បណ្ណាល័យនៅប្រាសាទបាយ័ន បណ្ណាល័យរបស់ប្រាសាទអង្គរវត្ត ប្រាសាទនាង១២ ប្រាសាទចៅសាយទេវតា ប្រាសាទតាព្រហ្ម និងប្រាសាទតុបជាដើម។ ស្នាដៃចម្លាក់លើថ្មរបស់លោក ក៏បានបន្សល់ទុកនៅតាមផ្ទាំងថ្មនៃប្រាសាទទាំងនោះដែរ។ ចម្លាក់លើថ្មប្រាសាទ ដែលជាស្នាដៃរបស់គាត់ គឺមានដូចជា ក្បាច់ត្របកឈូក ក្បាច់ផ្កាផ្ញី ក្បាច់រាហ៊ូ រូបអប្សរា និងរូបសត្វមួយចំនួនទៀត។
លោក តឹក ទត់ ធ្លាប់បានទទួលការបណ្តុះបណ្តាលទ្រឹស្ដីផ្នែកចម្លាក់ថ្ម ពីក្រុមការងារនៃរដ្ឋាភិបាលជប៉ុន សម្រាប់ការអភិរក្សអង្គរ (JSA) ហើយទទួលបានការអនុវត្តន៍ផ្ទាល់ពីគ្រូខ្មែរ នៅតាមការដ្ឋានជួសជុលប្រាសាទនានាជាច្រើនឆ្នាំ។
លោក តឹក ទត់ មានកូនទាំងអស់ចំនួន៥នាក់ ហើយក្នុងចំណោមកូនទាំង៥នាក់នោះ គឺកូនប្រុសរបស់គាត់២នាក់ មាននិស្ស័យខាងចម្លាក់ដូចរូបគាត់ដែរ។ បច្ចុប្បន្ន ថ្វីត្បិតតែកូនប្រុសរបស់គាត់២នាក់ ដែលចេះជំនាញខាងឆ្លាក់ក្បាច់ និងរូបនៅលើថ្មក្តី ក៏ពួកគេមិនបានចូលធ្វើការងារជាអ្នកជួសជុលប្រាសាទទេ គឹធ្វើការងារជាជាងចម្លាក់ឱ្យក្រុមហ៊ុនឯកជន។
លោក ស្រី នឿង ភីរ៉ា បុគ្គលិកបច្ចេកទេសខាងជួសជុលថ្ម របស់អាជ្ញាធរជាតិអប្សរា ដែលសហការជាមួយទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ Korea Heritage Agency (KHA) ទទួលស្គាល់ថា ស្នាដៃចម្លាក់លើថ្មរបស់លោក តឹក ទត់ គឺល្អ ដែលទទួលបានការកោតសរសើរពីអ្នកជំនាញអន្តរជាតិ និងអាជ្ញាធរជាតិអប្សរា។
លោក តឹក ទត់ ដែលមានអាយុជិត៦០ឆ្នាំទៅហើយ ហាក់ដឹងថា វ័យរបស់លោកកាន់តែចាស់ហើយ ពេលវេលា ដែលផ្ដល់ឱ្យរូបលោក ចូលរួមក្នុងការងារជួសជុលប្រាសាទបុរាណ នឹងមិនមានច្រើនទៀតឡើយ។
លោកបានផ្ដាំផ្ញើថា ប្រសិនបើបាត់រូបលោកពីលើផែនដីនេះទៅ សូមកូនខ្មែរដែលបានមកទស្សនាប្រាសាទបុរាណ ហើយឃើញចម្លាក់ដែលបានចារទុកថ្មីៗ នៅតាមប្រាសាទ គឺសូមឱ្យគ្រប់គ្នារម្លឹកដល់ឈ្មោះរបស់លោកផង។
បន្ថែមលើនេះ លោកក៏អំពាវនាវឱ្យកូនខ្មែរ ត្រូវតែរួមគ្នាជួយថែរក្សាសិល្បៈ ដ៏មានតម្លៃរបស់ដូនតាខ្មែរ ព្រមទាំងខំរៀនសូត្រអំពីក្បួនឆ្លាក់ថ្មទាំងនេះ ដើម្បីធ្វើជាអ្នកបន្តវេនទៅជំនាន់ក្រោយ កុំឱ្យបាត់បង់មរតកសិល្បៈ ដ៏មានតម្លៃដែលមិនអាចកាត់ថ្លៃបាននេះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

















