ព័ត៌មានជាតិ September 2, 2025

គ្រោះបំណាក់ដី លេបត្របាក់ភូមិមួយទាំងស្រុងនៅប្រទេសស៊ូដង់ សម្លាប់មនុស្សជាង១០០០នាក់

Liny Chan

(ខាទុំ)៖ កាលពីថ្ងៃចន្ទ ទី១ ខែសីហា ក្រុមឧទ្ទាមនៅស៊ូដង់ បានឱ្យដឹងថា មនុស្សយ៉ាងហោច១០០០នាក់ បានបាត់បង់ជីវិត ក្នុងគ្រោះរអិលបាក់ដីដ៏អាក្រក់ ដែលបានលេបត្របាក់ភូមិមួយទាំងស្រុង នៅតំបន់ជួរភ្នំ Marra ភាគខាងលិចប្រទេសអាហ្រ្វិកមួយនេះ ដោយបន្សល់ទុកមនុស្សតែម្នាក់គត់ នៅរស់រានមានជីវិត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ក្រុមឧទ្ទាម Sudan Liberation Movement/Army បាននិយាយថា ហេតុការណ៍ខាងលើ បានកើតឡើងកាលពីថ្ងៃទី៣១ ខែសីហា បន្ទាប់ពីភ្លៀងបានធ្លាក់ខ្លាំងជាច្រើនថ្ងៃជាប់គ្នា។ ក្រុមឧទ្ទាមនេះ ដែលគ្រប់គ្រងតំបន់ខាងលើ ស្ថិតក្នុងតំបន់ Durfur របស់ស៊ូដង់ បានដង្ហោយសុំឱ្យអង្គការសហប្រជាជាតិ ក៏ដូចជាទីភ្នាក់ងារមនុស្សធម៌ដទៃទៀត ជួយដល់កិច្ចប្រឹងប្រែងទាញយកសាកសពជនរងគ្រោះ ដែលរួមមានទាំងបុរស ស្រ្តី និងកុមារ។ បើតាមក្រុម Sudan Liberation Movement/Army ភូមិរងគ្រោះ ត្រូវបានបំផ្លាញទាំងស្រុង។

គួរបញ្ជាក់ថា ប្រជាជនស៊ូដង់ ដែលរត់គេចពីសង្រ្គាមស៉ីវិលរវាងកងទ័ពស៊ូដង់ និងកងកម្លាំងទាហានប៉ារ៉ា RSF នៅរដ្ឋ North Darfur បាននាំគ្នាជ្រកកោននៅតំបន់ជួរភ្នំ Marra បើទោះបីជាកន្លែងខ្វះខាតស្បៀងអាហារ និងថ្នាំពេទ្យក៏ដោយ។ សង្រ្គាមដែល​អូសបន្លាយប្រមាណ២ឆ្នាំមកនេះ បាននិងកំពុងធ្វើឱ្យប្រជាជន ប្រឈមមុខនឹងវិបត្តិទុរ្ភិក្សធ្ងន់ធ្ងរ ហើយពួកគេត្រូវបានបង្ខំឱ្យរត់ព្រាត់ប្រាស​ពីផ្ទះសម្បែងរបស់ខ្លួន ខណៈដែលរដ្ឋធានីនៃរដ្ឋ North Dafur គឺទីក្រុង Al-Fashir ស្ថិតក្រោមការបាញ់ផ្លោង៕ ផ្ដល់សិទ្ធិដោយ៖ Fresh News