បាតុកម្មនៅឥណ្ឌូណេស៉ី៖ ប៉ូលិសប្រើឧស្ម័នបង្ហូរទឹកភ្នែក ខណៈបាតុកម្មនៅតែបន្ត
(ហ្សាការតា)៖ ប៉ូលិសឥណ្ឌូណេស៉ី បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកទៅលើក្រុមអ្នកតវ៉ា នៅក្បែរសាកលវិទ្យាល័យធំចំនួន ២ ក្នុងទីក្រុង Bandung ដោយនិស្សិត និងអាជ្ញាធរនិយាយថា កាន់តែបន្ថែមភាពតានតឹងលើបាតុកម្ម ដែលបណ្តាលឱ្យមានមនុស្សស្លាប់ ៨នាក់រួចហើយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២ ខែកញ្ញា ឆ្នាំ ២០២៥។

តាមការបង្ហោះលើបណ្តាញសង្គម Instagram អាជ្ញាធរបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកមកលើហ្វូងមនុស្ស នៅក្បែរសាកលវិទ្យាល័យ Islamic University of Bandung (UNISBA) និងសាកលវិទ្យាល័យ Pasundan ចម្ងាយជាង ១៤០គីឡូម៉ែត្រ ភាគខាងលិចរដ្ឋធានីហ្សាការតា។
និស្សិតសាកលវិទ្យាល័យ Pasundan ម្នាក់ ប្រាប់ Reuters ថា អាជ្ញាធរបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកនៅខាងក្រៅច្រកចូល និងបាញ់គ្រាប់កៅស៊ូផងដែរ បណ្តាលឱ្យមានអ្នករបួស ១នាក់។ ប៉ូលិសនិយាយថា អាជ្ញាធរមិនបានចូលទៅ ច្រកទ្វារសាកលវិទ្យាល័យទេ ប៉ុន្តែព្យាយាមបំបែកក្រុមបាតុករមិនមែននិស្សិត ដើម្បីបន្លំខ្លួនក្នុងចំណោមពួកគេ និងកំពុងបិទផ្លូវ។
គួរបញ្ជាក់ថា បាតុកម្មតវ៉ាបានផ្ទុះឡើងនៅរដ្ឋធានីហ្សាការតា តាំងពីសប្ដាហ៍មុន ជុំវិញការដំឡើងប្រាក់ឧបត្ថម្ភថ្លៃឈ្នួលផ្ទះ ឱ្យតំណាងរាស្ត្រ ហើយកាន់តែរាលដាលខ្លាំង បន្ទាប់ពីរថយន្ដប៉ូលិស បើកបុកសម្លាប់យុវជនជាអ្នកដឹកឥវ៉ាន់ម្នាក់ អំឡុងពេលមានបាតុកម្ម៕ ផ្ដល់សិទ្ធិដោយ៖ Fresh News



