ព័ត៌មានជាតិ September 3, 2025

ទូកដ៏ល្បីរន្ទឺប្រចាំខេត្តបាត់ដំបង «នរិន្ទរង្សី ពិជ័យចិត្របុត្រ» នឹងមិនចូលរួមប្រកួតទូកអុំនៅឆ្នាំនេះទេ ព្រោះចំណុះទូកមួយចំនួនកំពុងបំពេញភារកិច្ចការពារជាតិនៅជួរមុខ

Liny Chan

(ភ្នំពេញ)៖ កាលពីយប់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ លោកឪ ចម ចិត្រ ព្រះចៅអធិការវត្តឯករង្សី បានបញ្ជាក់ជូនទៅកាន់អ្នកគាំទ្រថា ទូក «នរិន្ទរង្សី ពិជ័យចិត្របុត្រ» នឹងមិនចូលរួមប្រកួតទូកអ៊ុំនៅឆ្នាំនេះនោះទេ ដ្បិតចំណុះទូកមួយចំនួនកំពុងតែបំពេញភារកិច្ចការពារជាតិនៅសមរភូមិខាងមុខ។

បើតាមសំណេរនៅលើគណនីផ្លូវការរបស់អ្នករាំក្បាលទូក «នរិន្ទរង្សី ពិជ័យចិត្របុត្រ» លោក វ៉ាន់ វណ្ណៈ បានបញ្ជាក់ថា «ចំណុះទូកនរិន្ទរង្សីពិជ័យចិត្របុត្រទាំងអស់ដែលជាកងកម្លាំងគ្រប់ប្រភេទកំពុងបំពេញភារកិច្ចក្នុងសមរភូមិក្នុងបុព្វហេតុជាតិមាតុភូមិ…ឆ្នាំនេះយើងប្រយុទ្ធដែរតែ មិនមែនសមរភូមិលើព្រះគង្គាទេ គឺសមរភូមិការពារដែនបុរី»។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ បានសម្រេចផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង រាជធានីភ្នំពេញ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃ១៤កើត ១៥កើត និង១រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ទី៥ និងទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥។ ដោយឡែកចំពោះការរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅតាមបណ្តាខេត្តនានា អាចប្រព្រឹត្តទៅជាធម្មតាតាមទំនៀមទម្លាប់ប្រពៃណី និងតាមលទ្ធភាពជាក់ស្តែងរបស់អាជ្ញាធរ និងប្រជាពលរដ្ឋ។

ទោះបីយ៉ាងនេះក្ដី លោកឪ ចម ចិត្រ បានធ្វើការបញ្ជាក់ម្ដងទៀតថា លោកឪមិនមានព្រះទ័យសប្បាយចិត្តនឹងលែងទូកឡើយក្នុងពេលស្រុកទេសកំពុងតែទទួលរងការឈ្លានពានពីប្រទេសថៃ ដោយលោកឪ បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «ខ្ញុំបៀមទុកមិនហារស្តី បងប្អូនឆ្ងាយជិតតែសួររហូតពីរឿងទូកវត្តឯក រង្សីចុះឬអត់ ស្ងាត់គ្មានលេចឮអ្វីនឹងគេ។ សូមជម្រាប ខ្ញុំគ្មានចិត្តសប្បាយ នឹងលែងទូកឡើយក្នុងពេលស្រុកទេសមានសឹកសង្គ្រាមបែបនេះ ត្បិតកូនក្មួយខ្ញុំចំណុះទូកមួយចំនួនជាកងកម្លាំងប្រដាប់អាវុធនៅ សមរភូមិការពារទឹកដី។ ហេតុនេះទើបខ្ញុំមិនជួសជុលនិងត្រៀមទម្លាក់អុំទេ សម្រាប់ខ្ញុំ។ បើមានអ្នកចង់ទម្លាក់ក៏មិនហាមយកចុះ តែខ្ញុំមិនចូលរួមឡើយ រកផ្លូវសប្បាយគ្មាន»៕ ផ្ដល់សិទ្ធិដោយ៖ Fresh News