Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    លោក ត្រាំ ច្រានចោលពាក្យចរចាមអារ៉ាម ថាលោកមានបញ្ហាសុខភាព

    BY Liny Chan September 3, 2025
    លោក ត្រាំ ច្រានចោលពាក្យចរចាមអារ៉ាម ថាលោកមានបញ្ហាសុខភាព

    (វ៉ាស៉ីនតោន)៖ នៅថ្ងៃអង្គារ ទី២ ខែកញ្ញា លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានចេញមកច្រានចោលពាក្យចរចាមអារ៉ាមតាមបណ្តាញសង្គម ដែលថាលោកធ្លាក់ខ្លួនឈឺ រួមទាំងពាក្យចរចាមអារ៉ាមដែលថាលោកបានស្លាប់ ថាគឺជា «ព័ត៌មានក្លែងក្លាយ»។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

    លោក ត្រាំ មិនបានបង្ហាញខ្លួនជាសាធារណៈ ឬធ្វើសន្និសីទសារព័ត៌មានប៉ុន្មានថ្ងៃកាលពីសប្តាហ៍មុន ដែលជារឿងគួរឱ្យកត់សម្គាល់មួយ សម្រាប់លោកប្រធានាធីបតីអាយុ ៧៩ឆ្នាំរូបនេះ។ កត្តាអាយុ រូបភាពថ្មីៗរបស់លោកដែលមានស្នាមជាំនៅលើដៃ និងហើមកជើង រួមទាំងភាពស្ងប់ស្ងាត់ពីការិយាល័យរាងពងក្រពើ នាំឱ្យពាក្យចរចាមអារ៉ាមអំពីសុខភាពរបស់លោកផ្ទុះឡើង។ មានគណនីជាច្រើន បង្ហោះដាក់ចំៗថាប្រធានាធិបតីទី ៤៥ និងទី៤៧របស់សហរដ្ឋអាមេរិក បានបាត់បង់ជីវិត ខណៈសេតវិមានក៏មិនបានចេញមកបកស្រាយភ្លាមៗដែរ។

    នៅពេលអ្នកកាសែតរបស់ Fox News និយាយអំពីពាក្យចរចាអារ៉ាមនោះ លោក ត្រាំ បានចោទសួរថា «ពិតឬ? ខ្ញុំមិនបានដឹងសោះ។ តើគេដឹងមកពីណា? ដោយបន្ថែមថា «វាជាព័ត៌មានក្លែងក្លាយ»។ លោក ត្រាំ បញ្ជាក់ទៀតថា លោកបានធ្វើសន្និសីទសារព័ត៌មានច្រើនកាលពីសប្តាហ៍មុន ទើបមិនបានធ្វើអ្វីអស់រយៈពេលពីរថ្ងៃ ហើយបែរជាមានពាក្យចរចាមអារ៉ាមបែបនេះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: