ព័ត៌មានជាតិ September 5, 2025

ស្ថានទូតបារាំង និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា សហការរៀបចំពិព័រណ៍ «សត្វល្អិត៖ សិល្បៈនៃភាពលម្អិត»

Liny Chan

(ភ្នំពេញ)៖ ការតាំងពិព័រណ៍ «សត្វល្អិត៖ សិល្បៈនៃភាពលម្អិត» នឹងបើកបង្ហាញអំពី ជីវចម្រុះដ៏សម្បូរបែបភាពស្រស់ស្អាត ដែលមានមនុស្សតិចណាស់បានស្គាល់ តាមរយៈរូបថតជាច្រើន ដែលបង្កើតឡើងដោយផ្នែកវេជ្ជសាស្ត្រ និងពិសោធន៍ បាណកសាស្ត្រនៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា សហការជាមួយស្ថានទូតបារាំងនៅកម្ពុជា។

ក្រុមការងារនេះ ត្រូវបានបណ្តុះបណ្តាលអំពី បច្ចេកទេសថតរូបដ៏ច្នៃប្រឌិតដែលបង្កើតឡើងដោយជនជាតិបារាំងលោក Nathanaël Maury ដោយអាចទាញយករូបថតពីរបស់ដែលតូចខ្លាំង ដូចជាពងមូស ក្នុងកម្រិតគុណភាពខ្ពស់បំផុត។

រូបថតដែលប្រើបច្ចេកទេសទាំងនេះ បង្ហាញចេញឱ្យឃើញនូវរូបសាស្ត្រយ៉ាងលម្អិត ដែលជាប្រយោជន៍ដល់ការ កំណត់អត្តសញ្ញាណប្រភេទសត្វ និងការយល់ដឹងពីទំនាក់ទំនងរបស់សត្វទាំងនោះជាមួយបរិស្ថាន។ នៅចំនុចប្រសព្វ នៃសិល្បៈ និងវិទ្យាសាស្ត្រ បច្ចេកទេសនេះបានរកឃើញទស្សនវិស័យថ្មីមួយ ក្នុងវិស័យបាណកសាស្ត្រដែលជាការសិក្សាវិទ្យាសាស្ត្រ អំពីសត្វល្អិត។

វេជ្ជបណ្ឌិត Sébastien Boyer ប្រធានផ្នែកវេជ្ជសាស្ត្រ និងពិសោធន៍បាណកសាស្ត្រ នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានបញ្ជាក់ថា ការតាំងពិព័រណ៍នេះ គឺជាឱកាសមួយក្នុងការបង្ហាញ មិនមែនត្រឹមតែរូបរាងរបស់សត្វល្អិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពី ស្រាវជ្រាវសំខាន់ៗរបស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ក្នុងការតាមដាន និងការពារជំងឺដែលបញ្ជូនតាមសត្វល្អិត ផងដែរ។ វាក៏ជាការរំលឹកអំពីសារៈសំខាន់ក្នុងការពារជីវចម្រុះ ដែលមានឥទ្ធិពលដោយផ្ទាល់លើសុខភាពមនុស្ស។

លោកបន្តថា សត្វល្អិតប្រហែលជា ៨៥% នៃប្រភេទសត្វទាំងអស់ ត្រូវបានកំណត់អត្តសញ្ញាណ ប៉ុន្តែមានរាប់លានប្រភេទទៀត នៅតែមិនទាន់ត្រូវបានស្គាល់ ជាពិសេសនៅកម្ពុជា និងឡាវ ហើយជីវចម្រុះទាំងនេះក៍មិនទាន់ត្រូវបានសិក្សា ពេញលេញ។ ការបំពុលបរិស្ថាន ការប្រែប្រួលអាកាសធាតុ និង ការប្រើប្រាស់ធនធានហួសហេតុ កំពុងគំរាមកំហែង ក្នុងការរំលោភបំពានមរតកធម្មជាតិមុនពេលដែលវាត្រូវបានរកឃើញ។

វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា មានតួនាទីសំខាន់ក្នុងការស្រាវជ្រាវសត្វល្អិតនៅអាស៊ីអាគ្នេយ៍។ ការងារទាំងនោះគឺផ្តោតលើ ការស្ទង់មតិក្នុងតំបន់ជនបទ និង ការច្នៃប្រឌិតអភិវឌ្ឍឧបករណ៍ផ្សេងៗសម្រាប់ការត្រួតពិនិត្យភ្នាក់ងារចម្លងជំងឺ ដែលធ្វើឱ្យការតាំងពិព័រណ៍នេះក្លាយជាវេទិកាមួយក្នុងការចង្អុលបង្ហាញពី ការខិតខំប្រឹងប្រែងជាយូរអង្វែងរបស់វិទ្យា ស្ថានក្នុងវិស័យវិទ្យាសាស្ត្រ សុខាភិបាល និងការការពារបរិស្ថាន។

ពិព័រណ៍នេះមិនត្រឹមតែបង្ហាញពី ភាពស្រស់ស្អាតនៃពិភពធម្មជាតិ ដែលគ្រប់គ្នាមើលរំលងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់ការយល់ដឹងអំពី តម្រូវការបន្ទាន់ដើម្បីការពារពួកវាផងដែរ។

ការតាំងពិព័រណ៍នេះនឹងត្រូវបើកនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ ម៉ោង ៦:៣០ ល្ងាច នៅ វិទ្យាស្ថាន បារាំងនៅកម្ពុជា (Institut Français du Cambodge) ដោយមានវត្តមានរបស់ លោក Nathanaël Maury (អ្នកថតរូប និងជាអ្នករកឃើញបច្ចេកទេសនេះ) និង វេជ្ជបណ្ឌិត Sébastien Boyer (ប្រធានផ្នែកវេជ្ជសាស្ត្រ និង ពិសោធន៍បាណកសាស្ត្រ នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា)។

មុនពេលពិធីបើក នឹងមាន សន្និសីទពិសេសឈ្មោះ «សិល្បៈនៃការថតរូបវិទ្យាសាស្ត្រ» នៅម៉ោង ៥:៣០ ល្ងាច នៅកន្លែងដដែល ដោយបង្ហាញដោយ លោក Nathanaël Maury។ អ្នកចូលរួមក៏អាចចូលរួមក្នុងដំណើរណែនាំ ការតាំងពិព័រណ៍នៅ ថ្ងៃសៅរ៍ ទី១៣ ខែកញ្ញា ឆ្នាំ២០២៥ ពីម៉ោង ៩:០០ ព្រឹក ដល់ ១១:០០ ព្រឹក ជាមួយ លោក Nathanaël Maury និង វេជ្ជបណ្ឌិត Sébastien Boyer៕ ផ្ដល់សិទ្ធិដោយ៖ Fresh News