ព័ត៌មានជាតិ September 8, 2025

 នាយករដ្ឋមន្ត្រីជប៉ុន លោក Ishiba ប្រកាសលាលែងពីតំណែងជាផ្លូវការ

Liny Chan

(តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba បានប្រកាសលាលែងចេញពីតំណែងជាផ្លូវការ នៅថ្ងៃអាទិត្យ ទី៧ ខែកញ្ញា បន្ទាប់ពីបានឡើងកាន់អំណាចដឹកនាំប្រទេសមិនទាន់ បានមួយឆ្នាំស្រួលបួលផង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ប៉ុន្មានម៉ោងមុននឹងលោក Ishiba ប្រកាសលាលែងចេញពីតំណែង សារព័ត៌មានជប៉ុន NHK នៅថ្ងៃអាទិត្យនេះដែរ បានឱ្យដឹងថាលោក Ishiba មានគម្រោងលាលែងពីតំណែងដើម្បី បញ្ចៀសការបែកបាក់គ្នាផ្ទៃក្នុងនៃគណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលជាបក្សកាន់អំណាចសព្វថ្ងៃរបស់លោក ខណៈសារព័ត៌មានជប៉ុន Asahi Shimbun បាននិយាយថា លោកនាយករដ្ឋមន្ត្រីជប៉ុនមិនអាចទ្រាំទ្រតទៅទៀតនឹងការអំពាវនាវឱ្យលោកចុះចេញពីតំណែង។ ថ្លែងនៅឯសន្និសីទសារព័ត៌មាន លោក Ishiba បានគូសបញ្ជាក់យ៉ាងខ្លីដូច្នេះថា «ខ្ញុំបានសម្រេចចិត្តថានឹងលាលែងចេញពីតំណែងជាប្រធានគណបក្សប្រជាធិបតេយ្យសេរី (LDP)»។ លោកបន្ថែមនឹងបន្តបំពេញភារកិច្ច រហូតទាល់តែមាននាយករដ្ឋមន្ត្រីថ្មី ឡើងកាន់តំណែងជំនួសរូបលោក។

តាម NHK សមាជិករដ្ឋសភាមកពីគណបក្ស LDP គ្រោងនឹងធ្វើការបោះឆ្នោតនៅថ្ងៃចន្ទដើមសប្ដាហ៍ក្រោយនេះស្ដីពីការរៀបចំការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីរបស់ខ្លួន។

គួរបញ្ជាក់ថា ការលាលែងចេញពីតំណែងរបស់លោក Ishiba ធ្វើឡើងបន្ទាប់ពីក្រុមចម្រុះដឹកនាំដោយគណបក្ស LDP របស់លោកបានបរាជ័យដោយបាត់បង់សំឡេងភាគច្រើន ក្នុងការបោះឆ្នោតព្រឹទ្ធសភាកាលពីខែកក្កដា ហើយចាប់តាំងពីពេលនោះមក ការអំពាវនាវឱ្យរូបលោកចុះចេញពីតំណែងបានកើនឡើងក្នុងផ្ទៃក្នុងបក្ស LDP។

មុនចុះចេញពីតំណែង លោក Ishiba ទើបតែបង្ហើយសេចក្ដីលម្អិតនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកកាលពីសប្ដាហ៍មុន ដែលនៅក្រោមកិច្ចព្រមព្រៀងនេះ ជប៉ុនសន្យាថា នឹងវិនិយោគក្នុងទំហំទឹកប្រាក់ ៥៥០ពាន់លានដុល្លារ ជាថ្នូរទៅនឹងការបញ្ចុះពន្ធគយបដិការពីលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ជាពិសេសគឺវិស័យរថយន្ដជប៉ុន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News