តុលាការកំពូលថៃចេញសាលក្រមផ្តន្ទាទោសដាក់ពន្ធនាគារលោក Thaksin រយៈពេលមួយឆ្នាំ
(បាងកក)៖ តុលាការកំពូលថៃ នៅថ្ងៃអង្គារ ទី៩ ខែកញ្ញា បានចេញសាលក្រមផ្តន្ទាទោសអតីតនាយករដ្ឋមន្ត្រីថៃ លោក Thaksin Shinawatra ដាក់ពន្ធនាគាររយៈពេលមួយឆ្នាំ ក្នុងសំណុំរឿងពាក់ព័ន្ធនឹងការដេកសម្រាកព្យាបាលនៅមន្ទីរពេទ្យជំនួសឱ្យការជាប់ពន្ធនាគារ ក្រោយរូបលោកត្រឡប់ចូលស្រុកវិញកាលពីឆ្នាំ២០២៣។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

តុលាការកំពូលថៃ នៅថ្ងៃអង្គារនេះបានសម្រេចថាការសម្រាកព្យាបាលរបស់លោក Thaksin ក្នុងមន្ទីរពេទ្យមិនត្រូវបានរាប់បញ្ចូលជាការអនុវត្តទោសជាប់ពន្ធនាគារត្រឹមត្រូវតាមផ្លូវច្បាប់ នោះទេ។ ក្នុងសាលក្រមរបស់ខ្លួន តុលាការកំពូលថៃបានសម្រេចដូច្នេះថា «ការបញ្ជូនរូបលោក (លោក Thaksin) ទៅកាន់មន្ទីរពេទ្យមិនត្រឹមត្រូវតាមផ្លូវច្បាប់ ហើយជនជាប់ចោទបានដឹងយ៉ាងច្បាស់ថាសុខភាពខ្លួនឯងមិនមែនជាបញ្ហាបន្ទាន់នោះទេ ដូច្នេះការសម្រាកព្យាបាលនៅមន្ទីរពេទ្យមិនត្រូវបានរាប់បញ្ចូលជាការអនុវត្តទោសជាប់ពន្ធនាគារឡើយ»។
គួរបញ្ជាក់ថា លោក Thaksin បានធ្វើមាតុភូមិនិវត្តន៍ចូលប្រទេសថៃវិញកាលពីឆ្នាំ២០២៣ ក្រោយរស់នៅនិរទេសខ្លួននៅបរទេសអស់រយៈពេល១៥ឆ្នាំ។ ពេលត្រឡប់មកដល់ថៃ លោកត្រូវបាន តុលាការផ្តន្ទាទោសឱ្យជាប់ពន្ធគារ៨ឆ្នាំពីបទជម្លោះផលប្រយោជន៍ និងរំលោភអំណាច ហើយទោសនេះត្រូវបានព្រះមហាក្សត្របន្ធូរបន្ថយមនៅត្រឹម១ឆ្នាំ។ ប៉ុន្តែលោកបានចូលក្នុងពន្ធនាគារតែប៉ុន្មានម៉ោងប៉ុណ្ណោះ ដោយលោកត្រូវបានបញ្ជូនទៅមន្ទីរពេទ្យលំដាប់ VIP មួយក្នុងទីក្រុងបាងកកក្រោមហេតុផលមានបញ្ហាសុខភាពធ្ងន់ធ្ងរ។ លោក Thaksin បានដេកសម្រាកព្យាបាលដល់ទៅ៦ខែ មុននឹងត្រូវបានដោះលែងឱ្យនៅក្រៅឃុំ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News


