ព័ត៌មានជាតិ September 11, 2025

លោក ដូណាល់ ត្រាំ ប្ដេជ្ញាតាមប្រមាញ់ឃាតករដែលបា-ញ់មនុស្សជំនិតរបស់លោក

Liny Chan

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃពុធ ទី១០ ខែកញ្ញា បានកោតសរសើរមនុស្សជំនិតរបស់លោក គឺលោក Charlie Kirk ដែលត្រូវបានគេធ្វើឃាតថាជាវីរជនម្នាក់លះបង់ ជីវិតដើម្បីការពិត ជាមួយការប្ដេជ្ញាតាមប្រមាញ់ឃាតក ខណៈថ្កោលទោសក្រុមជនជ្រុលនិយមជ្រុលដោយអះអាងថាវោហាសាស្ត្ររបស់ពួកគេបានចូលរួមចំណែកជំរុញឱ្យមានការធ្វើឃាតសកម្មជនស្ដាំនិយម ដ៏មានប្រជាប្រិយភាពរូបនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

លោក ត្រាំ បានលើកឡើងក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Truth Social ដូច្នេះថា «អស់រយៈពេលជាច្រើនឆ្នាំមកហើយ ក្រុមជ្រុលនិយមជ្រុលមួយចំនួនបានធ្វើការប្រៀបធៀបពលរដ្ឋអាមេរិក ដ៏អស្ចារ្យរបស់យើងដូចជាលោក Charlie ទៅនឹងពួកណាហ្ស៉ី និងពួកឧក្រិដ្ឋជន និងឃាតកដ៏អាក្រក់បំផុតនៅក្នុងពិភពលោក»។ លោក ត្រាំបន្ថែមថា «វោហាសាស្ត្របែបនេះហើយគឺជាការទទួលខុសត្រូវ ដោយផ្ទាល់ចំពោះទង្វើភេរវកម្មដែលបានកើតឡើងក្នុងប្រទេសរបស់យើងនៅថ្ងៃនេះ ហើយវោហាសាស្ត្របែបនេះត្រូវតែបញ្ឈប់ជាបន្ទាន់»

បន្ថែមពីលើនេះ លោក ត្រាំ ក៏បានសន្យាតាមប្រមាញ់អ្នកដែលទទួលខុសត្រូវលើការធ្វើឃាតលោក Charlie ផងដែរ។ «នេះជាទំព័រដ៏ខ្មៅងងឹតសម្រាប់សហរដ្ឋអាមេរិក។ រដ្ឋបាលរបស់ខ្ញុំនឹងតាមស្វែងរក អ្នកទាំងឡាយណាដែលបានចូលរួមចំណែកក្នុងអំពើដ៏សាហាវឃោរឃៅនេះ និងបង្រ្កាបអំពើហិង្សានយោបាយ ក្នុងនោះរួមមានបណ្ដាអង្គការណាដែលត្រូវបានរកឃើញថាជាអ្នកគាំទ្រទង្វើឃោរឃៅបែបនេះ»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ត្រាំ។

គួរបញ្ជាក់ថា លោក Charlie Kirk ជាមនុស្សម្នាក់ដែលបានជួយជំរុញការគាំទ្ររបស់លោក ត្រាំ នៅក្នុងចំណោមអ្នកបោះឆ្នោតអាមេរិកជាយុវជន ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីថ្ងៃពុធ ទី១០ ខែកញ្ញា អំឡុងពិធីសំណេះសំណាលមួយនៅឯសាកលវិទ្យាល័យមួយក្នុងរដ្ឋ Utah។ មកទល់នឹងពេលនេះ ខ្មាន់កាំភ្លើងនៅមិនទាន់ត្រូវបានចាប់ខ្លួននៅឡើយទេ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News