រយៈពេល ៣ថ្ងៃចុងក្រោយនេះ រថយន្តជាង៤ម៉ឺន ៥ពាន់គ្រឿង ចូលទស្សនាអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលសមិទ្ធផលថ្មីដ៏អស្ចារ្យតម្លៃ ២១៥០លានដុល្លាររបស់កម្ពុជា
(ភ្នំពេញ)៖ រយៈពេល៣ថ្ងៃចុងក្រោយនេះ ពោលគិតចាប់ពីម៉ោង៦ព្រឹកថ្ងៃទី១៣ ខែកញ្ញា ដល់ម៉ោង៦ព្រឹក ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ យ៉ាងហោចណាស់មានរថយន្តរបស់បងប្អូនប្រជាពលរដ្ឋចំនួន ៤៥ ៦០៦គ្រឿង បានចូលទស្សនាអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលសមិទ្ធផលថ្មីដ៏អស្ចារ្យរបស់កម្ពុជា។

ចំនួននេះ រាប់តែរថយន្ត មិនទាន់រាប់ម៉ូតូកង់៣ និងម៉ូតូនៅឡើយទេ។ អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលបានឱ្យដំណើរការកាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីភ្ញៀវជាតិ និងអន្តរជាតិ ដោយសារមានទំហំធំ និងរចនាបទដ៏ស្រស់ស្អាត។ អាកាសយានដ្ឋាននេះ ត្រូវបានអនុញ្ញាតឱ្យសាធារណជនចូលទស្សនាដោយសេរី និងមិនគិតថ្លៃចំណតសម្រាប់យានយន្តគ្រប់ប្រភេទឡើយ សម្រាប់រយៈពេល១សប្តាហ៍ ចាប់ពីថ្ងៃទី៩ ដល់ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥។
តាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់អាកាសចរស៉ីវិលកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែកញ្ញាតទៅ ចំណតយានយន្តគ្រប់ប្រភេទ (កង់ ម៉ូតូ ឡាន) នៅអាកាសយានដ្ឋានអន្តរជាតិតេជោ នឹងគិតប្រាក់ទៅតាមម៉ោងកំណត់។
ជាមួយគ្នានេះទាំំងក្រុមហ៊ុនវិនិយោគ និងអាកាសចរស៉ីវិល បង្ហាញការសប្បាយរីករាយ ដែលបានឃើញប្រជាពលរដ្ឋខ្មែរ ចាប់អារម្មណ៍ និងចង់ទស្សនាអាកាសយានដ្ឋានអន្តរជាតិតេជោ ដ៏អស្ចារ្យនេះ។ តែយ៉ាងណាសូមអំពាវនាវដល់ប្រជាពលរដ្ឋ សូមមេត្តារក្សាសណ្តាប់ធ្នាប់ឱ្យបានល្អ ស្តាប់ការសមត្ថកិច្ចដែលរៀបចំសណ្តាប់ធ្នាប់ ធ្វើយ៉ាងណាកុំប៉ះពាល់ដល់ភ្ញៀវ ដែលត្រូវធ្វើដំណើរតាមផ្លូវអាកាសចេញចូលកម្ពុជា។
សូមជម្រាបថា កាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានកសាងឡើងក្រោមគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន និងបានបើកការដ្ឋានសាងសង់ដំបូងនៅឆ្នាំ២០២០ ដោយស្ថាបត្យករ វិស្វករ និងអ្នកសាងសង់ប្រមាណ៩០% ជាកូនខ្មែរ។ អាកាសយានដ្ឋានអន្តរជាតិតេជោ បានចាប់ផ្តើមដំណើរការនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ ដោយជើងហោះហើរដំបូងគេ គឺក្រុមហ៊ុនអាកាសចរណ៍ជាតិ Air Cambodia និងសម្ពោធជាផ្លូវការនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។
អាកាសយានដ្ឋានអន្តរជាតិតេជោ ស្ថិតនៅក្នុងគម្រោងវិនិយោគរវាងរដ្ឋាភិបាលកម្ពុជា និងវិស័យឯកជន ដោយទុនវិនិយោគគឺជារបស់ជនជាតិខ្មែរ ១០០% ដោយដំបូងឡើយគ្រោងចំណាយលើការសាងសង់ប្រមាណ ១,៥០០លានដុល្លារអាមេរិក ប៉ុន្តែការចំណាយជាក់ស្តែងកើនឡើងដល់ជាង ២,១៥០លានដុល្លារអាមេរិក (២,១៥ប៊ីលានដុល្លារ)។ រចនា និងសាងសង់ឡើងដោយក្រុមហ៊ុនល្បីៗពហុជាតិ ដែលក្នុងនោះរួមមាន ស្ថានីយអ្នកដំណើរគូសប្លង់ស្ថាបត្យកម្មដោយស្ថាបត្យករជនជាតិអង់គ្លេស និងគ្រប់គ្រងការសាងសង់ជារួមដោយក្រុមហ៊ុន OCIC។
អាកាសយានដ្ឋានអន្តរជាតិតេជោ ដ៏ធំប្រណិតនេះត្រូវបានសាងសង់ឡើងលើផ្ទៃដី ២,៦០០ហិកតា ស្ថិតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងផ្នែកខ្លះនៃស្រុកបាទី ខេត្តតាកែវ ដែលមានទីតាំងប្រហែល២០គីឡូម៉ែត្រពីភាគខាងត្បូងរាជធានីភ្នំពេញ។
អាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាប្រភេទព្រលានយន្តហោះខ្នាតធំ ប្រភេទ 4F ដែលជាកម្រិតខ្ពស់បំផុត ហើយអាចស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។
បើយោងតាមការវាយតម្លៃរបស់អាកាសចរណ៍ស៊ីវិល ព្រលានហោះយន្ដអន្ដរជាតិតេជោនេះ បានជាប់ចំណាត់ថ្នាក់លេខ៩ ក្នុងពិភពលោក ក្នុងចំណោមព្រលានយន្តហោះប្រភេទ 4F។ ជាមួយគ្នានេះ ព្រលានយន្តនេះ បានក្លាយជាស្ថាបត្យកម្មដ៏មានឥទ្ធិពល ក្នុងចំណោមស្ថាបត្យកម្មចំនួន១១ លើពិភពលោកផងដែរ។
បច្ចុប្បន្ននេះ ក្រុមហ៊ុនអាកាសចរណ៍ទាំងក្នុងស្រុក និងក្រៅស្រុក ដែលកំពុងប្រតិបត្តិការតភ្ជាប់ការហោះហើរត្រង់ មកកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ ចំនួន២៨ ក្រុមហ៊ុន ក្នុងនោះ ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកចំនួន៤ និង ក្រុមហ៊ុនអាកាសចរណ៍ក្រៅស្រុកចំនួន ២៤។ នៅខែតុលាខាងមុខនេះ អាចនឹងមានក្រុមហ៊ុន ២ទៀតភ្ជាប់ជើងហោះហើរមកកម្ពុជា គឺក្រុមហ៊ុនអាកាសចរណ៍ Etihad Airways ដែលជាក្រុមហ៊ុនអាកាសចរណ៍ដ៏ធំលំដាប់ទី២ របស់អេមីរ៉ាតអារ៉ាប់រួម និងក្រុមហ៊ុនអាកាសចរណ៍តួកគី៕ ផ្ដល់សិទ្ធិដោយ៖ Fresh News






