Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    មកដឹងអំពីតម្លៃចំណត កង់-ម៉ូតូ-រថយន្ត ក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ !

    BY Liny Chan September 17, 2025
    មកដឹងអំពីតម្លៃចំណត កង់-ម៉ូតូ-រថយន្ត ក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ !

    (កណ្ដាល)៖ អាកាសយានដ្ឋានអន្តរជាតិតេជោ បានដាក់ឱ្យដំណើរការ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីភ្ញៀវជាតិ និងអន្តរជាតិ ដោយសារមានទំហំធំ និងរចនាបទដ៏ស្រស់ស្អាត។

    អាកាសយានដ្ឋាននេះ ត្រូវបានអនុញ្ញាតឱ្យ​សាធារណជនចូលទស្សនាដោយសេរី និងមិនគិតថ្លៃចំណត សម្រាប់យានយន្តគ្រប់ប្រភេទ រយៈពេល១សប្តាហ៍ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥។

    ចាប់ពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ តទៅ ចំណតយានយន្តគ្រប់ប្រភេទ (កង់ ម៉ូតូ ឡាន) នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវគិតប្រាក់ទៅតាមម៉ោងកំណត់ រួមមាន៖

    ទី១៖ ផ្លូវដាក់អ្នកដំណើរ (Drop‑off lane):
      * សម្រាប់រថយន្តប្រភេទសណ្ដោងរ៉ឺម៉ក, TukTuk និងរថយន្ដប្រភេទ SUV និង MPV អាចឈប់ឡានបាន១០នាទី ដោយមិនគិតថ្លៃ។
      * សម្រាប់រថយន្តប្រភេទឡានក្រុង ឬឡានដឹកទំនិញ អាចឈប់ឡានបាន២០នាទី ដោយមិនគិតថ្លៃ។
      * បើផុតពីរយៈពេលនេះ នឹងចាប់ផ្តើមគិតថ្លៃ «បន្ថែម» រៀងរាល់៥នាទីម្ដង។

    ទី២៖ ចំណតធម្មតា (Regular Parking):
      * រយៈពេលពេល៣០នាទី តម្លៃ៤,០០០រៀល សម្រាប់រថយន្តប្រភេទ SUV និង MPV។ ដោយឡែក ឡានក្រុង ឬឡានដឹកទំនិញ តម្លៃ៥,០០០រៀល។
      * បន្ទាប់ពី៣០នាទីដំបូងនេះ ប្រភេទរថយន្តប្រភេទ SUV និង MPV ត្រូវបន្ថែមថ្លៃ២,០០០រៀល រៀងរាល់៣០នាទី និងប្រភេទឡានក្រុង ឬឡានដឹកទំនិញ ត្រូវបន្ថែមថ្លៃ៣,០០០រៀល។

    ទី៣៖ ចំណតពិសេស (Premium Parking):
    * រថយន្តប្រភេទ SUV និង MPV ចតរយៈពេល៣០នាទី តម្លៃ១២,០០០រៀល។
     * បន្ទាប់ពី៣០នាទីដំបូងនេះ ត្រូវបន្ថែមថ្លៃ៦,០០០រៀល រៀងរាល់៣០នាទី។

    ដោយឡែក ចំពោះតម្លៃចំណតម៉ូតូ/កង់៖ រយៈពេលក្រោម១២ម៉ោង តម្លៃ២,០០០រៀល បន្ទាប់ពី១២ម៉ោង បន្ថែម១,០០០រៀល រៀងរាល់១ម៉ោងម្ដង៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: