ក្នុងមហាសន្និបាត AIPA! ប្រធានសភាកម្ពុជា អំពាវនាវឱ្យសហគមន៍អន្តរជាតិ ជួយបន្តតាមដានជាប្រចាំនូវការវិវត្តនៃការអនុវត្តបទឈប់បាញ់កម្ពុជា-ថៃ និងធ្វើការវាយតម្លៃដោយខ្លួនឯង ផ្អែកលើតថភាពជាក់ស្ដែង
(ភ្នំពេញ)៖ នៅចំពោះមុខថ្នាក់ដឹកនាំ គណៈប្រតិភូសមាជិកអន្តរសភាអាស៊ាន (អាយប៉ា) ក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអាយប៉ាយ លើកទី៤៦ នៅទីក្រុងគូឡាឡាំពួ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងជាប្រធានគណៈប្រតិភូសភាកម្ពុជា បានអំពាវនាវឱ្យសហគមន៍អន្តរជាតិ ជួយបន្តតាមដានជាប្រចាំនូវការវិវត្តនៃការអនុវត្តបទឈប់បាញ់កម្ពុជា-ថៃ និងធ្វើការវាយតម្លៃដោយខ្លួនឯង ផ្អែកលើតថភាពជាក់ស្ដែង។ ក្នុងន័យនេះ យើងចាំបាច់ត្រូវមានបេសកកម្មស្វែងរកការពិតជាអន្តរជាតិ និងជាបន្ទាន់។

ការអំពាវនាវនេះបានធ្វើឡើង ក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអាយប៉ា លើកទី៤៦ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីពិភាក្សាអនុម័តកម្មវិធី និងរបៀបវារៈនៃមហាសន្និបាតលើកទី៤៦ និងសកម្មភាពការងារមួយចំនួនទៀតរបស់លេខាធិការដ្ឋានអាយប៉ា។
បើតាមសម្តេចប្រធានសភា, កិច្ចព្រមព្រៀងបទឈប់បាញ់កម្ពុជា-ថៃ នៅមានភាពផុយស្រួយខ្លាំងនៅឡើយ ខណៈសកម្មភាពរំលោភបំពានពីភាគីថៃនៅតែបន្តកើតមានជាបន្តបន្ទាប់ រួមមាន ការបន្តឃុំខ្លួនទាហានកម្ពុជា ១៨នាក់ដោយខុសច្បាប់ ធ្វើជាចំណាប់ខ្មាំង ប៉ុន្មានម៉ោងក្រោយបទឈប់បាញ់បានចូលជាធរមាន និងករណីរាយលួសបន្លាខុសច្បាប់ និងសកម្មភាពនានាដែលរំខានដល់ជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់ និង បានរំលោភបំពានម្តងហើយម្តងទៀតមកលើដែនអធិបតេយ្យកម្ពុជា។
កាលពីម្សិលមិញ កងកម្លាំងយោធាថៃបានប្រើប្រាស់កម្លាំងមកលើប្រជាជនស្លូតត្រង់របស់កម្ពុជា ដែលបណ្តាលឱ្យមានអ្នករងរបួស២៨នាក់។ សម្តេចប្រធានសភាកម្ពុជា បានលើកឡើងថា ថៃត្រូវតែបញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់កម្លាំងយោធាប្រឆាំងនឹងជនស៊ីវិល និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិប្រជាជនកម្ពុជាជាបន្តទៅទៀត។
សម្តេចរដ្ឋសភាធិបតីបានបញ្ជាក់ថា ការកសាងទំនុកចិត្តគ្នាទៅវិញទៅមក ទាមទារឱ្យមានការខិតខំប្រឹងប្រែងពីភាគីទាំងពីរ ដោយមានសុច្ឆន្ទៈ និងភាពស្មោះត្រង់ពិតប្រាកដ។ ភាគីដែលរំលោភបំពានលើបទឈប់ បាញ់ត្រូវតែទទួលការថ្កោលទោស ឬការដាក់ទណ្ឌកម្មជាដាច់ខាត។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានបង្ហាញក្ដីព្រួយបារម្ភយ៉ាងខ្លាំងថា ការបន្តរំលោភបំពានលើបទឈប់បាញ់ នឹងបណ្ដាលឱ្យបាត់បង់ទំនុកចិត្តផ្នែកនយោបាយ និងការផ្ទុះឡើងវិញនៃជម្លោះប្រដាប់អាវុធ ដែលនឹងបង្កផលវិបាកដល់ប្រជាជាតិទាំងពីរ។ ដើម្បីទប់ស្កាត់នូវវិនាសកម្មដែលអាចកើតមានយើងត្រូវតែជៀសវាងឱ្យខាងតែបាននូវរាល់សកម្មភាពណាដែលបង្កឱ្យមានភាពតានតឹងកាន់តែខ្លាំងឡើង។
ប្រធានសភាកម្ពុជា បានលើកឡើងថា «មិនត្រូវប្រើប្រាស់ច្បាប់ព្រៃ និងការអនុវត្តច្បាប់អាជ្ញាសឹក នៅក្រៅដែនដីរបស់ខ្លួន ដែលរំលោភបំពានលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់ប្រទេសដទៃទៀតឡើយ និងត្រូវចាត់គ្រប់វិធានការចាំបាច់ ដើម្បីការពារសិទ្ធិ សេចក្តីថ្លៃថ្នូរ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ»។
សម្តេចប្រធានរដ្ឋសភា បានបញ្ជាក់ថា កម្ពុជាត្រូវបន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) និងព្យាយាមសម្រេចឱ្យបាននូវការបង្កើត និងការបញ្ជូនក្រុមអ្នកសង្កេតការណ៍ អាស៊ាន (AOT) ទៅទីតាំងកើតហេតុឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន។ ជាមួយគ្នានេះចាំបាច់ត្រូវរួមគ្នាទប់ស្កាត់ និងបញ្ឈប់នូវទង្វើខុសច្បាប់នានា ដែលទើបកើតមានឡើងក្រោយពីមានបទឈប់បាញ់ដូចជា ការរាយបន្លាលួស និងដាក់ពង្រាយសំបក កង់ឡាន។ ជាពិសេស តំបន់ដែលប្រជាជនបាននឹងកំពុងរស់នៅរាប់ទសវត្សរ៍មកហើយ និងនៅតំបន់ដែលមិនទាន់បានបញ្ចប់ការបោះបង្គោលព្រំដែន។ នេះបើតាមការបញ្ជាក់របស់ សម្តេចប្រធានរដ្ឋសភា។
បើតាមសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី, ថៃចាំបាច់ត្រូវបញ្ឈប់ការប្រើប្រាស់កម្លាំងយោធា ដើម្បីបោះបង្គោលព្រំដែនជាឯកតោ ភាគីហើយទុកភារកិច្ចស្របច្បាប់ឱ្យគណៈកម្មការព្រំដែនចម្រុះ(JBC) បន្តការងាររបស់ខ្លួនតាមមធ្យោបាយសន្តិវិធីផ្អែកលើ កិច្ចព្រមព្រៀងដែលមានស្រាប់ និងច្បាប់អន្តរជាតិ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News













