ព័ត៌មានជាតិ September 19, 2025

អាជ្ញាធរជាតិអប្សរា សម្រេចបិទចរាចរណ៍ សម្រាប់រថយន្ត ត្រីចក្រយានយន្ត និងទោចក្រយានយន្ត នៅខាងមុខប្រាសាទអង្គរវត្ត ចាប់ពីថ្ងៃទី២៥ ខែកញ្ញា

Liny Chan

(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា បានចេញសេចក្តីជូនដំណឹង ស្តីពី ការបិទចរាចរណ៍ សម្រាប់រថយន្ត ត្រីចក្រយានយន្ត និងទោចក្រយានយន្ត នៅបរិវេណខាងមុខប្រាសាទអង្គរវត្ត។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥។

អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ក្នុងទិសដៅថែរក្សា ការពារ អភិរក្ស និងលើកតម្លៃលេចធ្លោជាសកល នៃរមណីយដ្ឋានអង្គរ ក៏ដូចជាដើម្បីរក្សាបាននូវសុវត្ថិភាព សណ្តាប់ធ្នាប់ ព្រមទាំងចៀសវាងបាន នូវការកកស្ទះចរាចរណ៍បរិវេណខាងមុខប្រាសាទអង្គរវត្ត អាជ្ញាធរជាតិអប្សរា សូមជម្រាបជូនដូចខាងក្រោម៖

១៖ បិទការចេញ-ចូលរថយន្ត ត្រីចក្រយានយន្ត និងទោចក្រយានយន្តគ្រប់ប្រភេទ នៅបរិវេណខាងមុខ ប្រាសាទអង្គរវត្ត លើកលែងការធ្វើដំណើរដោយទោចក្រយាន (កង់) និងអ្នកថ្មើរជើង (គំនូសពណ៌ ក្រហមក្នុងផែនទី) ចាប់ពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ តទៅ។
២៖ អ្នកបើកបររថយន្ត ត្រីចក្រយានយន្ត និងទោចក្រយានយន្តគ្រប់ប្រភេទ អាចប្រើប្រាស់ផ្លូវវាងថ្មី ភ្ជាប់ពីកសិណខាងត្បូងប្រាសាទអង្គរវត្ត ឆ្ពោះទៅវិថីព្រះនរោត្តមសីហមុនី (គំនូសពណ៌ខៀវក្នុងផែនទី)។

អាជ្ញាធរជាតិអប្សរា សូមក្រសួង ស្ថាប័នជាតិ អន្តរជាតិ អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុន ទេសចរណ៍ ភ្ញៀវទេសចរជាតិ-អន្តរជាតិ សាធារណជន ព្រមទាំងបងប្អូនប្រជាពលរដ្ឋ មេត្តាជ្រាបជាព័ត៌មាន និង ចូលរួមអនុវត្តដោយសេចក្ដីអនុគ្រោះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News