រដ្ឋមន្ត្រី ហួត ហាក់ ជួបពិភាក្សាជាមួយអភិបាលខេត្តអៃឈិ ដើម្បីធ្វើពិពិធកម្មទីផ្សារទេសចរណ៍ថ្មីបន្ថែមរវាងកម្ពុជា និងខេត្តអៃឈិនៃប្រទេសជប៉ុន
(ជប៉ុន)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងវិស័យឯកជន បានជួបពិភាក្សាការងារជាមួយលោក Hideaki Ōmura អភិបាលខេត្តអៃឈិ (Aichi Prefecture) អំពីការបង្កើតកិច្ចសហប្រតិបត្តិការទេសចរណ៍ថ្មីៗ បន្ថែមទៀតរវាងប្រទេសកម្ពុជា និងខេត្តអៃឈិ (Aichi Prefecture)។

ការជួបពិភាក្សានេះ បានធ្វើឡើង ក្នុងដំណើរទស្សនកិច្ចការងារចូលរួមពិព័រណ៍ទេសចរណ៍ជប៉ុន ២០២៥ និងកិច្ចប្រជុំតុមូលថ្នាក់រដ្ឋមន្ត្រីទេសចរណ៍ នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលាខេត្ត ក្នុងប្រទេសជប៉ុន។
ភាគីទាំងពីរមានទស្សនៈរួមគ្នាថា ទាំងប្រទេសកម្ពុជាជាតារាទើបនឹងរះពោរពេញដោយកាលានុវត្ត និងខេត្តអៃឈិ (Aichi Prefecture) ដែលមានសេដ្ឋកិច្ចនាំមុខគេមួយដែរក្នុងប្រទេសជប៉ុន ហើយសុទ្ធតែមានសក្តានុពលទេសចរណ៍ និងបេតិកភណ្ឌពិភពលោកដូចៗគ្នា ប្រពៃណីទំនៀមទំលាប់គួរឱ្យចាប់អារម្មណ៍ ព្រមទាំងទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុន ជាង៧២ឆ្នាំ ហើយដែលត្រូវបានតម្លើងកម្រិតជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ គឺពិតជាកត្តាជួយបំពេញបន្ថែមគ្នាទៅវិញទៅមក។
ជាពិសេស ដើម្បីរួមគ្នាជំរុញវិស័យទេសចរណ៍ រវាងប្រទេសទាំងពីរកម្ពុជា-ជប៉ុន និយាយជារួម និងរវាងកម្ពុជា និងខេត្តអៃឈិ (Aichi Prefecture) រួមមានការ ផ្សព្វផ្សាយសក្តានុពលទេសចរណ៍ ដល់ប្រជាជននៃគោលដៅទេសចរណ៍ទាំងពីរ ការពិនិត្យលទ្ធភាពរៀបចំព្រឹត្តការណ៍ជំរុញទេសចរណ៍ ការជំរុញជើងហោះហើរត្រង់ ដើម្បីឱ្យមានកំណើនការធ្វើទេសចរណ៍កើនឡើង ជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News









