ប្រេស៉ីលបើកនិវេសនដ្ឋានទូតនៅកម្ពុជា ជាលើកដំបូង ដោយមិនឆ្លងកាត់ប្រទេសទីបីទៀតឡើយ! សម្ដេចតេជោ ហ៊ុន សែន ចាត់ទុកថាជាផ្នែកមួយជំរុញទំនាក់ទំនងប្រទេសទាំងពីរ
(ភ្នំពេញ)៖ ក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជាអញ្ជើញទទួលសារតាំង លោកស្រី Vivian Loss Sanmartin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពសាធារណរដ្ឋសហព័ន្ធប្រេស៉ីលប្រចាំកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥នេះ សម្ដេចតេជោ បានបង្ហាញក្ដីរីករាយដែលសហព័ន្ធប្រេស៊ីល បានដាក់នូវនិវេសនដ្ឋានទូតនៅកម្ពុជាជាលើកដំបូង និងចាត់ទុកថា នេះជាផ្នែកមួយជំរុញទំនាក់ទំនងទ្វេរភាគី រវាងកម្ពុជា និងប្រេស៊ីលឲ្យកាន់តែរីកចម្រើន។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក ជា ធីរិទ្ធ បានឲ្យដឹងថា សម្ដេចតេជោ បានសម្ដែងនូវការស្វាគមន៍ក្នុងបរមនាម ព្រះបរមនាមនៃព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្វាគមន៍ចំពោះលោកស្រី ហើយសម្ដេចតេជោ បានចាត់ទុកវត្តមានរបស់លោកស្រី ជាផ្នែកមួយដ៏សំខាន់ក្នុងការពង្រីកទំនាក់ទំនង រវាងកម្ពុជា និងប្រេស៊ីល ហើយសម្ដេចក៏បង្ហាញនូវក្ដីរីករាយដែរដែលសហព័ន្ធប្រេស៊ីល បានដាក់នូវនិវេសនដ្ឋានទូត នៅព្រះរាជាណាចក្រកម្ពុជា ជាលើកដំបូង ដែលជាផ្នែកមួយជំរុញទំនាក់ទំនងទ្វេរភាគី រវាងកម្ពុជា និងប្រេស៊ីលឲ្យកាន់តែរីកចម្រើន។
នៅក្នុងឱកាសនោះ លោកស្រី សាន់ម៉ាទីន បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោ ប្រមុខរដ្ឋស្ដីទីដែលបានអនុញ្ញាតឲ្យលោកស្រី បានជួបហើយប្រគល់សាតាំងចំពោះសម្ដេចប្រមុខរដ្ឋស្ដីទីក្នុងឱកាសនេះ ហើយលោកស្រីបានជម្រាបជូនលោកស្រីថា ក្នុងបេសសកម្មរបស់លោកស្រី ក្នុងព្រះរាជាណាចក្រកម្ពុជានេះនឹង ធ្វើយ៉ាងណាជំរុញនូវទំនាក់ទំនង ទ្វេរភាគីរវាងកម្ពុជា និងប្រេស៊ីល ឲ្យមានភាពល្អប្រសើរ កាន់តែខ្លាំងឡើងបន្ថែមទៀត ជាពិសេសការជំរុញនៅក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម កម្ពុជា-ប្រេស៊ីលឲ្យមានការកើនឡើង។
ជាការកត់សម្គាល់ លោកស្រី បានរំលេចអំពី ការពង្រីកនូវកិច្ចសហប្រតិបត្តិការក្នុងវិស័យនានារវាងកម្ពុជា និងប្រេស៊ីល ក្នុងនោះក៏មានការពង្រីកទំនាក់ទំនង ទាំងរដ្ឋាភិបាលផង ទាំងស្ថាប័នរដ្ឋនីតិបញ្ញត្តិដែរដែលលោកស្រីជំរុញឲ្យប្រទេសទាំងពីរ បង្កើតនូវកិច្ចសហប្រត្តិបត្តិការក្នុងវិស័យ ជាពិសេសនូវក្នុងស្ថាប័ននីតិបញ្ញត្តិរវាងប្រទេសទាំងពីរឲ្យកាន់តែមានភាពល្អប្រសើរបន្ថែមទៀត។
នៅក្នុងឱកាសនោះសម្ដេចតេជោ បានសម្ដែងការរីករាយចំពោះការលើកឡើង របស់លោកស្រីក្នុងការជំរុញនូវពាណិជ្ជកម្មសេដ្ឋកិច្ចរវាងប្រទេសទាំងពីរឲ្យមានការកើនឡើង ដោយសម្ដេចតេជោ បានលើកឡើងថា ទំនាក់ទំនងដ៏ល្អទៅមុខលឿនបានវាអាស្រ័យលើសេដ្ឋកិច្ច ពាណិជ្ជកម្ម ដូច្នេះឯងប្រសិនបើប្រទេសទាំងពីរ ជាពិសេសប្រេស៊ីលហើយនិងកម្ពុជា រដ្ឋាភិបាលខិតខំប្រឹងប្រែង ក្នុងការពង្រីកពាណិជ្ជកម្ម រវាងប្រទេសទាំងពីរឲ្យមានការកើនឡើងគឺជា ផ្នែកនៃការរុញច្រានទំនាក់ទំនងឲ្យកាន់តែល្អទៅជាមួយគ្នាផងដែរ។
សម្ដេចតេជោ ក៏បានរំលេចបន្ថែមទៀត ទាក់ទងទៅនឹងការស្វាគមន៍ គំនិតរបស់លោកស្រីនៃការពង្រីកទំនាក់ទំនងផ្នែក ស្ថាប័ននីតិបញ្ញត្តិ និយាយជាខ្លី គឺសភារវាងប្រទេសទាំងពីរ សម្ដេចក៏បានបញ្ជាក់អំពី គំនិតផ្ដួចផ្ដើមរបស់សម្ដេចថា ប្រទេសទាំងពីរគួរតែបង្កើត នូវក្រុមមិត្តភាពសភា នៃប្រទេសទាំងពីរ ទាំងស្ថាប័នរដ្ឋសភា ទាំងស្ថាប័នព្រឹទ្ធសភា ដោយស្ថាប័ននីតិបញ្ញត្តិនេះ គឺអាចធ្វើការ និងពង្រីកនូវការទំនាក់ទំនងស៊ីជម្រៅទៅជាមួយគ្នា។
បើតាមប្រសាសន៍របស់សម្ដេចតេជោទៅកាន់ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព ប្រេស៉ីល, សម្ដេចបានលើកឡើងពាក់ព័ន្ធ នឹងការពង្រីកនូវវិស័យកីឡា ដោយសម្ដេចបានបញ្ជាក់ថា ប្រេស៊ីលគឺមានសក្ដានុពលណាស់ ធនធានកីឡាករល្អៗ នៅក្នុងប្រទេសប្រេស៊ីល ហើយនៅពេលដែលគេនិយាយអំពីប្រទេសប្រេស៊ីលគឺគេបាននឹកឃើញដល់ កីឡា តែម្ដង។ ហើយសម្ដេចតេជោ ក៏ជាអ្នកស្រលាញ់ គាំទ្រប្រេស៊ីលដែរ ជាពិសេស កីឡាករបាល់ទាត់របស់ប្រទេសប្រេស៊ីល និងបាល់ទះជាដើម។
នៅក្នុងនោះ សម្ដេចតេជោ បានលើកឡើងបន្ថែមថា ភាគីទាំងពីរគួរតែពង្រីកទៅលើវិស័យកីឡាជាមួយគ្នា ជាពិសេសគឺការបញ្ជូនគ្រូបង្វឹករបស់ប្រេស៊ីល មកជួយបង្វឹកផ្នែកកីឡារបស់កម្ពុជា គឺកីឡា បាល់ទាត់ និងកីឡាបាល់ទះ ដែលជាផ្នែកមួយដ៏សំខាន់ ដើម្បីរឹតចំណងនៃប្រទេសទាំងពីរផង ហើយដើម្បីជំរុញការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជនឲ្យកាន់តែមានភាពរីកចម្រើន។
ជាការឆ្លើយតបទៅកាន់សម្ដេចតេជោ, លោកស្រីបានរំលេចដោយបញ្ជាក់ថា ប្រេស៊ីលនឹងពិចារណាក្នុងការរៀបចំឲ្យមានគ្រូបង្វឹក មកកាន់កម្ពុជា ក្នុងកាបណ្ដុះបណ្ដាលផ្នែក កីឡាបាល់ទះ និងបាល់ទាត់។ លោកស្រីបានបន្តថា នេះគឺជារឿងមួយដែលភាគីអាចធ្វើបានទៅជាមួយគ្នា ហើយនឹងធ្វើបាននាពេលឆាប់ៗនេះ។
នាឱកាសនោះ សម្ដេចតេជោ បានរំលេចផងដែរអំពី ស្ថានភាពព្រំដែនរវាងកម្ពុជា-ថៃ ដោយសម្ដេចបានពន្យល់លោកស្រីអំពី សារបាន។ ជាការឆ្លើយតប លោកស្រីបានបង្ហាគការគាំទ្រ ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធីរវាងកម្ពជា និងថៃ ដោយលោកស្រីជំរុញឲ្យភាគីទាំងពីរគោរពនូវបទឈប់បាញ់ ហើយឈានទៅរកការដោះស្រាយបញ្ហា និងវិលមករកប្រក្រតីភាពឡើងវិញ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News









