ព័ត៌មានជាតិ September 25, 2025

រដ្ឋមន្ត្រីស្តីទីក្រសួងការបរទេស បញ្ជាក់ប្រាប់បណ្តាអង្គទូតថា «ព្រំដែនកម្ពុជា-ថៃ មិនត្រូវបានផ្លាស់ប្តូរ ដោយការប្រើកម្លាំងនោះទេ»

Liny Chan

(ភ្នំពេញ)៖ លោកស្រី អ៊ាត សោភា រដ្ឋមន្ត្រីស្តីទីនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ បានជម្រាបប្រាប់បណ្ដាអង្គទូត និងអង្គការអន្តរជាតិអំពីការវិវត្តន៍ថ្មីៗនេះ នៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ជាមួយនឹងការបញ្ជាក់ថា «ព្រំដែនកម្ពុជា-ថៃ មិនត្រូវបានផ្លាស់ប្តូរ ដោយការប្រើកម្លាំងនោះទេ»

ការបញ្ជាក់របស់ រដ្ឋមន្ត្រីស្តីទីនៃក្រសួងការបរទេស បានធ្វើឡើងក្នុងកិច្ចប្រជុំស្តីពីការវិវត្តថ្មីៗនៃបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ជាពិសេសនៅតំបន់ភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ បទបង្ហាញនេះមានការចូលរួមពីសមាជិកអង្គទូតបរទេសចំនួន៤៣រូប និងតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិចំនួន៦ ប្រចាំនៅកម្ពុជា។

ចំពោះមុខអង្គពិធី, លោកស្រីរដ្ឋមន្រ្ដីស្តីទី បានគូសបញ្ជាក់សារជាថ្មីអំពីការប្តេជ្ញាចិត្តដ៏ម៉ឺងម៉ាត់របស់កម្ពុជា ក្នុងការគោរពបទឈប់បាញ់រវាងកម្ពុជា-ថៃ ដែលបានព្រមព្រៀងគ្នា កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងរាល់ចំណុចដែលបានឯកភាពគ្នាក្នុងកិច្ចប្រជុំគណកម្មាធិការព្រំដែនទូទៅ ពីថ្ងៃទី៧ ខែសីហា និងថ្ងៃទី១០ខែកញ្ញា ក៏ដូចជាកិច្ចប្រជុំគណកម្មាធិការព្រំដែនថ្នាក់ភូមិភាគក្នុងខែសីហា ឆ្នាំ២០២៥។

ជាមួយគ្នានេះ លោកស្រី ក៏បានបញ្ជាក់ជាថ្មីផងដែរថា រាជរដ្ឋាភិបាលកម្ពុជាមានការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួន ក្នុងការស្វែងរកដំណោះស្រាយប្រកបដោយមិត្ដភាព ចំពោះរាល់វិវាទព្រំដែនជាមួយប្រទេសថៃ ក៏ដូចជាជាមួយប្រទេសជិតខាងទាំងអស់ តាមសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ដោយរក្សានូវគោលជំហរជាគោលការណ៍របស់ខ្លួនថា «ព្រំដែនមិនត្រូវបានផ្លាស់ប្តូរ ដោយការប្រើកម្លាំងនោះទេ»៕ ផ្ដល់សិទ្ធិដោយ៖ Fresh News