ព័ត៌មានជាតិ September 26, 2025

ទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៥! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំ ៣ចំណុចដល់ក្រសួងទេសចរណ៍ ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន ដើម្បីពង្រឹងភាពធន់ទេសចរណ៍ យូរអង្វែង

Liny Chan

(ភ្នំពេញ)៖ ក្នុងឱកាសអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៥ ក្រោមប្រធាន «ទេសចរណ៍ និងបរិវត្តកម្មប្រកបដោយចីរភាព» សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានធ្វើការណែនាំចំនួន ៣ចំណុច ដល់ក្រសួងទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធ ក៏ដូចជាអំពាវនាវដល់វិស័យឯកជន ដែលត្រូវរួមសហការគ្នា ដើម្បីពង្រឹងភាពធន់យូរអង្វែង ក្នុងវិស័យទេសចរណ៍។

សារលិខិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ បានបញ្ជាក់នូវខ្លឹមសារណែនាំចំនួន ៣ចំណុចរួមមាន៖

* ទី១៖ ជំរុញ និងលើកទឹកចិត្តការវិនិយោគខ្នាតតូច មធ្យម និងធំទាំងឡាយណា ដោយឈរលើការគិតគូរ អំពីការអភិវឌ្ឍ និងអភិរក្សធនធានធម្មជាតិ របៀងជីវៈចម្រុះនានា និងបម្រែបម្រួលអាកាសធាតុ ក្រោមទម្រង់ ភាពជាដៃគូ-រដ្ឋ-ឯកជន-ប្រជាជន (4Ps: Public Private People_Partnership) ដែលផ្ដល់ឱកាសឱ្យមានការចូលរួមពីប្រជាជនមូលដ្ឋាន ផ្ដល់សិទ្ធិអំណាចដល់ប្រជាពលរដ្ឋសហគមន៍ ផ្ដល់ប្រយោជន៍អតិបរមាដល់មូលដ្ឋានគោលការណ៍ នៃការបែងចែកផលប្រយោជន៍ប្រកបដោយសមធម៌ ដែលការអភិវឌ្ឍបានជាផ្លែផ្កា ទៅគ្រប់ភាគីពាក់ព័ន្ធ ស្របតាមទស្សនាទាន «ការអភិរក្សបម្រើដល់ការអភិវឌ្ឍ ការអភិវឌ្ឍបម្រើដល់ការអភិរក្ស» ដើម្បីធានាការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព ភាពធន់ និងបរិយាបន្ន សម្រាប់ជាប្រយោជន៍ យូរអង្វែងរបស់ប្រជាជនជំនាន់ក្រោយនាពេលអនាគត។

* ទី២៖ ក្រសួងទេសចរណ៍ ដោយសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន បន្តជំរុញ ឌីជីថលូបនីយកម្មនៅក្នុងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ដើម្បីរក្សានូវភាពប្រកួតប្រជែងនៅក្នុងកម្រិតតំបន់ និងសកលលោក ដោយជំរុញឱ្យមានការចូលរួមពីអាជីវកម្មទេសចរណ៍ខ្នាតតូចបំផុត ខ្នាតតូច និងមធ្យម (MSMEs) ផងដែរ។

* ទី៣៖ ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ ត្រូវបង្កើនសមត្ថភាពអ្នកជំនាញ ទេសចរណ៍ ដើម្បីពង្រឹងឧត្តមភាពប្រកួតប្រជែង និងអាចឆ្លើយតបបានទៅនឹងទីផ្សារការងារ និងការវិវត្តន ឧស្សាហកម្មទេសចរណ៍ ដោយត្រូវគិតគូរអំពីសមភាពយេនឌ័រ យុវជន និងសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងវិស័យ ទេសចរណ៍ ដើម្បីរួមចំណែកជាអតិបរមា ក្នុងការឈានទៅសម្រេចបាននូវការអភិវឌ្ឍ ប្រកបដោយចីរភាព បរិយាបន្ន ភាពរឹងមាំ និងភាពធន់នឹងវិបត្តិ។

ជាមួយគ្នានេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ ក្រសួងទេសចរណ៍ ជាពិសេសមហាគ្រួសារវិស័យទេសចរណ៍ ក្រោមអភិក្រមជវភាពនៃប្រព័ន្ធតួអង្គតែមួយ ដោយឈរលើស្មារតីបុរសកម្ម សកម្ម និងអន្តរសកម្ម រវាងក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ផ្នែកឯកជន ស្ថានឯកអគ្គរដ្ឋទូត/រាជទូតបរទេសប្រចាំនៅកម្ពុជា ដៃគូអភិវឌ្ឍ ស្ថានឯកអគ្គរាជ ទូតកម្ពុជា/កុងស៊ុលកម្ពុជានៅបរទេស បណ្ដាញសារព័ត៌មាន និងអ្នកផលិតមាតិកាព័ត៌មាន បងប្អូនប្រជាពលរដ្ឋ ទាំងក្នុង និងក្រៅប្រទេស ដែលជានិច្ចកាលបានចូលរួមគាំទ្រ សហការ និងផ្តល់កិច្ចសហប្រតិបត្តិការល្អ ស្អិតរមួត ស៊ីជម្រៅ និងប្រទាក់ក្រឡាគ្រប់ភាគីពាក់ព័ន្ធដែលបានប្រមូលផ្ដុំជាសហថាមពល ទាំងផ្នែកសាធារណៈ វិស័យឯកជន ក្នុងការអភិវឌ្ឍ និងលើកស្ទួយវិស័យទេសចរណ៍នៅកម្ពុជា៕ ផ្ដល់សិទ្ធិដោយ៖ Fresh News