Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងការពារជាតិ ទាត់ចោលការលើកឡើងរបស់ថៃថា កម្ពុជាចល័តទ័ព និងសព្វាវុធ, កម្ពុជាមិនបានធ្វើសកម្មភាពបង្កហេតុ ឬបំពានបទឈប់បាញ់ឡើយ

    BY Liny Chan September 26, 2025
    ក្រសួងការពារជាតិ ទាត់ចោលការលើកឡើងរបស់ថៃថា កម្ពុជាចល័តទ័ព និងសព្វាវុធ, កម្ពុជាមិនបានធ្វើសកម្មភាពបង្កហេតុ ឬបំពានបទឈប់បាញ់ឡើយ

    (ភ្នំពេញ)៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥នេះ បានចេញមកទាត់ចោលទាំងស្រុង ចំពោះការចោទប្រកាន់របស់ភាគីថៃ និងសារព័ត៌មានរបស់ថៃថា «កម្ពុជាបានចល័តទ័ព និងសព្វាវុធ»។ ផ្ទុយទៅវិញ កម្ពុជាមិនបានធ្វើសកម្មភាពបង្កហេតុ ឬធ្វើសកម្មភាពណាមួយរំលោភបំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់នោះឡើយ។

    តាមរយៈសេចក្ដីប្រកាសព័ត៌មាន ក្រសួងការពារជាតិ បានធ្វើការបដិសេធ និងសូមគូសបញ្ជាក់នូវការពិតថា៖

    *១៖ ការលើកឡើងរបស់បណ្តាញសង្គម និងសារព័ត៌មានថៃមួយចំនួនខាងលើ មិនមែនជាការពិតទេ
    *២៖ ចំពោះរូបភាពដែលបណ្តាញសង្គម និងសារព័ត៌មានថៃបានយកទៅផ្សព្វផ្សាយនោះ គឺជារូបភាពចាស់ៗ ដែលមិនមែនជារូបភាពក្នុងថ្ងៃនេះនោះទេ
    *៣៖ កងកម្លាំងរបស់កម្ពុជាមិនបានធ្វើសកម្មភាពបង្កហេតុ ឬធ្វើសកម្មភាពណាមួយដែលរំលោភបំពានលើ កិច្ចព្រមព្រៀងបទឈប់បាញ់ ដូចការលើកឡើងរបស់បណ្តាញសង្គម និងសារព័ត៌មានថៃនោះឡើយ។

    កងកម្លាំងរបស់កម្ពុជា សូមបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ក្នុងការគោរព និងការអនុវត្ត នូវកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជានិងថៃ ឲ្យបានពេញលេញ និងខ្ជាប់ខ្ជួនបំផុត ដោយបន្តសហការគ្នាឲ្យបានជិតស្និទ្ធនៅគ្រប់កម្រិត និងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែងសំដៅលើកកម្ពស់ សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញឲ្យបានឆាប់រហ័ស៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: