អ្នកនាំពាក្យក្រសួងសាធារណការ៖ ស្ថានភាពជំនន់ទឹកភ្លៀងនៅកំណាត់ផ្លូវជាតិលេខ៧៦(លំផាត់-បានលុង) ចន្លោះគីឡូម៉ែត្រលេខ ២៧០-២៧៣ បានស្រកហើយ
(ភ្នំពេញ)៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥នេះ ស្ថានភាពជំនន់ទឹកភ្លៀងបណ្តាលឱ្យលិចកំណាត់ផ្លូវជាតិលេខ ៧៦(លំផាត់-បានលុង) ចន្លោះគីឡូម៉ែត្រលេខ ២៧០-២៧៣ បានស្រកអស់ច្រើនហើយនៅសល់តែជាង ១០០ម៉ែត្រប៉ុណ្ណោះ ដោយសារទឹកភ្លៀងបានថមថយ។

លោក ផន រឹម បានបន្ថែមទៀត ថា ជាមួយនឹងទឹកជំនន់នេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី បានយកចិត្តទុកដាក់ខ្ពស់លើកិច្ចការនេះ ដោយបានបន្តផ្អាកជាបណ្តោះអាសន្នរថយន្តធុនធ្ងន់គ្រប់ប្រភេទឆ្លងកាត់ ដើម្បីការពារតួផ្លូវ ស្ពាន និងអនុញ្ញាតឱ្យឆ្លងកាត់សម្រាប់តែរថយន្តធុនតូចលក្ខណៈគ្រួសារ និងមធ្យោបាយធុនស្រាលដទៃទៀតប៉ុណ្ណោះ៕ ផ្ដល់សិទ្ធិដោ៖ Fresh News





