ព័ត៌មានជាតិ September 29, 2025

មនុស្សម្នាក់បានបាត់បង់ជីវិត និង ១២នាក់បាត់ខ្លួន ខណៈព្យុះទីហ្វុង Bualoi បោកបក់លេីវៀតណាម

Liny Chan

(ហាណូយ)៖ ព្យុះទីហ្វុង Bualoi បានបោកបក់លេីផ្នែកខាងជេីងនៃកណ្តាលប្រទេសវៀតណាម នាព្រឹកថ្ងៃចន្ទ ទី២៩ ខែកញ្ញា នេះ ដោយបំផ្លាញផ្ទះសម្បែង ខ្សែបណ្តាញអគ្គិសនី និងយ៉ាងហោចណាស់មានមនុស្សម្នាក់ស្លាប់ អ្នកនេសាទចំនួន ១២នាក់បាត់ខ្លួន ខណៈដែលព្យុះនេះនាំមកនូវភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ទីភ្នាក់ងារព្យាករណ៍ឧតុនិយមជាតិ បានឱ្យដឹងថា ព្យុះទីហ្វុងបោកបក់មកលើខេត្ត Nghe An នៅម៉ោង ៨ព្រឹកនេះ ជាមួយល្បឿនខ្យល់អតិបរមា ៨៨គីឡូម៉ែត្រក្នុងមួយម៉ោង។ តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាមថា មនុស្សម្នាក់បានស្លាប់បន្ទាប់ពីជាប់ក្នុងទឹកជន់លិច នៅទីក្រុង Hue ខណៈដែលអ្នកនេសាទចំនួន ១២នាក់បានបាត់ខ្លួន បន្ទាប់ពីរលកសមុទ្រធំៗធ្វេីឱ្យលិចទូកនេសាទចំនួន ៤ ក្នុងខេត្ត Quang Tri។

មុនការមកដល់នៃព្យុះ រដ្ឋាភិបាលវៀតណាមបានជម្លៀសមនុស្សជាង ២៨៥ ០០០នាក់ ខណៈជើងហោះហើររាប់រយត្រូវបានលុបចោល ឬពន្យារពេល និងបិទអាកាសយានដ្ឋានចំនួន ៤នៅក្នុងខេត្តភាគកណ្តាល។

ព្យុះបានបង្កជាភ្លៀងធ្លាក់ខ្លាំងពាសពេញប្រទេសវៀតណាមចាប់តាំងពីថ្ងៃសៅរ៍ ហើយអាជ្ញាធរបានព្រមានពីហានិភ័យនៃទឹកជំនន់ និងបំណាក់ដីធ្ងន់ធ្ងរ។ ភ្លៀងធ្លាក់នៅតំបន់ជាច្រើនត្រូវបានព្យាករណ៍ថានឹងឡើងដល់កម្រិត ៥០០មីលីម៉ែត្រចាប់ពីយប់ថ្ងៃអាទិត្យ រហូតដល់ថ្ងៃអង្គារសប្តាហ៍នេះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News