មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ ស្នើទូតចិន និងរដ្ឋបាលរាជធានីភ្នំពេញ បន្តចូលរួមសហការរៀបចំព្រឹត្តិការណ៍រួមគ្នា ទាំងនៅកម្ពុជា និងចិន
(ភ្នំពេញ)៖ លោក ប៉ាក់ សុខុម រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោងហូកា នៃក្រសួងទេសចរណ៍ បានស្នើដល់ស្ថានទូតចិនប្រចាំកម្ពុជា និងរដ្ឋបាលរាជធានីភ្នំពេញ បន្តគាំទ្រ និងសហការរៀបចំព្រឹត្តិការណ៍រួមគ្នា ទាំងនៅកម្ពុជា និងចិន ដោយក្រសួងទេសចរណ៍ នឹងផ្ដល់ការសម្របសម្រួលឲ្យអស់លទ្ធភាព ក្នុងការរៀបចំព្រឹត្តិការណ៍ទាំងនោះ។

ការលើកឡើងនេះក្នុងឱកាសដែលលោក ប៉ាក់ សុខុម តំណាង លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញថ្លែងសុន្ទរកថា ក្នុងព្រឹត្តការណ៍ «ពពកកំដរក្បែរព្រះច័ន្ទ/With Colourful Clouds Chasing the Moon» នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ។
កម្មវិធីនេះមានការអញ្ជើញចូលរួមពី លោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា, លោក គឹម គុណវឌ្ឍ រដ្ឋលេខាធិការក្រសួងព័ត៌មាន, លោក ឆាយ សៀងរ៉ឹង អនុរដ្ឋមន្ត្រីឃោសនា ខេត្តយូណាន, តំណាងសមាគមឌីជីថលកម្ពុជា-ចិន និងលោក លោកស្រី ប្រតិភូខេត្តយូណាន Influencers និងភ្ញៀវកិត្តិយស។
បើតាមការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍, ព្រឹត្តិការណ៍ «ពពកកំដរក្បែរព្រះច័ន្ទ/With Colourful Clouds Chasing the Moon» គឺជាព្រឹត្តិការណ៍ដ៏សំខាន់នៅក្នុង «ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥» ដើម្បីជំរុញការផ្សព្វផ្សាយវិស័យទេសចរណ៍ វប្បធម៌ និងប្រពៃណីដ៏ល្អផូរផង់របស់ប្រទេសទាំងពីរ ទៅកាន់ពិភពលោកខាងក្រៅ ក៏ដូចជាកម្ពុជា-ចិន។
ក្នុងន័យនេះ លោក ប៉ាក់ សុខុម បានគូសបញ្ជាក់ថា កម្ពុជា-ចិន គឺជាមិត្តដ៏ល្អបំផុត ចេះជួយយកអាសារគ្នាទៅវិញទៅមកគ្រប់ពេលវេលា និងគ្រប់កាលៈ ទេសៈទាំងអស់ ប្រជាជននៃប្រទេសទាំងពីរមានភាពស្រដៀងគ្នា និងមានភាពពាក់ព័ន្ធផ្នែកប្រវត្តិសាស្ត្រជាមួយគ្នាច្រើនដូចជា ប្រពៃណី ទំនៀមទម្លាប់ និងវប្បធម៌ជាដើម, ចំណងសាមគ្គីភាពរវាងកម្ពុជា-ចិន ត្រូវបាន រឹតបន្តឹងកាន់តែប្រសើរឡើង ពីមួយជំនាន់ទៅមួយជំនាន់រហូតមកដល់ មេដឹកនាំនៃប្រទេសទាំងពីរ នាពេលបច្ចុប្បន្ន។
នាឱកាសនោះ លោក ប៉ាក់ សុខុម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ សមាគមទេសចរណ៍កម្ពុជា សមាគមទេសចរណ៍ អាស៊ីប៉ាស៊ីហ្វិក សមាគមសណ្ឋាគារកម្ពុជា សមាគមចុងភៅកម្ពុជា សហព័ន្ធទេសចរណ៍កម្ពុជា ផ្នែកឯកជនក្នុងវិស័យទេសចរណ៍កម្ពុជា ផ្នែកឯកជនក្នុងវិស័យទេសចរណ៍ចិន ដែលបាននឹងកំពុងធ្វើធុរកិច្ចក្នុងវិស័យទេសចរណ៍កម្ពុជា-ចិន និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានសហការរៀបចំ និងចូលរួមក្នុងព្រឹត្តិការណ៍ «ពពកកំដរក្បែរព្រះច័ន្ទ/With Colourful Clouds Chasing the Moon» នេះប្រកបដោយភាពឱឡារិក និងអធិកអធម។
ជាមួយគ្នានេះ លោក ប៉ាក់ សុខុម បានស្នើដល់អ្នកចូលរួមក្នុងអង្គពិធីទាំងមូល មេត្តាជួយផ្សព្វផ្សាយពី សុខសន្តិភាព សុវត្ថិភាព និងសក្តានុពលដ៏សំបូរបែប សម្រាប់ភ្ញៀវទេសចរ និងវិនិយោគិន មកទស្សនា និងវិនិយោគនៅកម្ពុជា «ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាព កក់ក្តៅ សុវត្ថិភាព និងបៃតង»។ ជាពិសេស លោកបានស្នើដល់ស្ថានទូតចិនប្រចាំកម្ពុជា និងរដ្ឋបាលរាជធានីភ្នំពេញបន្តគាំទ្រ និងសហការជាមួយក្រសួងពាក់ព័ន្ធ ជាពិសេសជាមួយក្រសួងទេសចរណ៍ ក្នុងការរៀបចំព្រឹត្តិការណ៍រួមគ្នា ទាំងក្នុងកម្ពុជា និងនៅក្នុងប្រទេសចិន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News














