ព័ត៌មានជាតិ October 1, 2025

ក្រុមហ៊ុនចំនួន២ ចុះកិច្ចសន្យាទិញពោតក្រហមស្ងួត ស្រូវស្រងែថ្មី និងស្រូវសែនក្រអូប សរុប ៧៥០តោន ពីសហគមន៍កសិករ ក្នុងខេត្តត្បូងឃ្មុំ

Liny Chan

(ត្បូងឃ្មុំ)៖ ពោតក្រហមស្ងួត ស្រូវស្រង៉ែថ្មី និងស្រូវសែនក្រអូប សរុប៧៥០តោន ត្រូវបានក្រុមហ៊ុនធំៗចំនួន២ បានចុះកិច្ចសន្យាទិញលក់ពីប្រជាកសិករ សហគមន៍កសិកម្មជីរោទិ៍រុងរឿង ក្នុងខេត្តត្បូងឃ្មុំ។

ក្នុងនោះក្រុមហ៊ុនអាហ្គ្រោ ឃីង ត្រេឌីង ឯ.ក ទទួលទិញពោតក្រហម ចំនួន ២៥០តោន និងក្រុមហ៊ុនអ៊ិលប៊ីអិន អង្គរ (កម្ពុជា) ទទួលទិញស្រូវស្រង៉ែថ្មីចំនួន ១០០តោន និងស្រូវសែនក្រអូបចំនួន ៤០០តោន។

ពិធីនេះធ្វើឡើងនៅសាលប្រជុំសណ្ឋាគារ ភី អេន ធី ផាលេស ត្បូងឃ្មុំ នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ដោយការចុះកិច្ចសន្យានេះនឹងធ្វើឱ្យបងប្អូនប្រជាកសិករកាន់តែមានឱកាសក្នុងការលក់ផលិតផលកសិកម្មរបស់ខ្លួនទៅកាន់ក្រុមហ៊ុននាំចេញទៅទីផ្សារអន្តរជាតិ។ នេះបើតាមការឲ្យដឹងពីលោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ។

ក្នុងឱកាសនោះ លោក គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក គន់ រ័ត្នមុនី អភិបាលរងខេត្តត្បូងឃ្មុំ បានសាទរចំពោះកិច្ចសហការរវាងមន្ទីរកសិកម្មខេត្ត ជាមួយស្ថាប័នឯកជន ដែលបានរៀបចំឱ្យមានការចុះកិច្ចសន្យាទិញលក់ផលិតផលកសិកម្ម។ នេះជាការលើកកម្ពស់វិស័យកសិកម្មឱ្យរីកចម្រើន និងជួយដល់កសិករក្នុងការលក់ផលិតផលកសិកម្មរបស់ខ្លួនដែលធ្វើការដាំដុះបាន។

គណៈអធិបតីភាពទាំង០២រូប ក៏បានផ្តាំផ្ញើដល់អ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសមន្ត្រីកសិកម្មឃុំ ត្រូវជួយដល់កសិករក្នុងការបង្កើតសហគមន៍កសិកម្មទំនើប ព្រោះងាយស្រួលក្នុងការលក់ទ្រង់ទ្រាយធំទៅកាន់ទីផ្សារ និងអាចប្រគួតប្រជែងទីផ្សារជាមួយបណ្តាប្រទេសដទៃទៀត៕ ផ្ដល់សិទ្ធិដោយ៖ Fresh News