Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    មនុស្ស៩១នាក់ នៅបន្តជាប់ក្រោមអគារសាលារៀន ដែលបាក់ស្រុតក្នុងប្រទេសឥណ្ឌូណេស៉ី

    BY Liny Chan October 1, 2025
    មនុស្ស៩១នាក់ នៅបន្តជាប់ក្រោមអគារសាលារៀន ដែលបាក់ស្រុតក្នុងប្រទេសឥណ្ឌូណេស៉ី

    (ហ្សាការតា)៖ អាជ្ញាធរនៅប្រទេសឥណ្ឌូណេស៉ី បានឱ្យដឹងថា មនុស្សចំនួន៩១នាក់ ត្រូវជឿថានៅបន្តជាប់ក្រោមគំនរបាក់បែក នៃអគារសាលារៀនមួយខ្នង ដែលបានបាក់ស្រុតនៅកោះជ្វា កាលពី២ថ្ងៃមុន ខណៈក្រុមសង្រ្គោះកំពុងខិតខំរុករកនិងជួយអ្នកនៅរស់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

    ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកឥណ្ឌូណេស៉ី បានរាយការណ៍ថា អគារសាលារៀនអ៉ីស្លាមខាងលើ ដែលមានច្រើនជាន់ និងស្ថិតក្នុងក្រុង Sidoarjo ស្រាប់តែបានបាក់ស្រុតភ្លាមៗកាលពីវេលាថ្ងៃត្រង់ ថ្ងៃចន្ទសប្តាហ៍នេះ ចំពេលដែលសិស្សជាច្រើននាក់ ជួបជុំគ្នាធ្វើការថ្វាយបង្គំប្រចាំថ្ងៃ។

    ទីភ្នាក់ងារបង្ការគ្រោះមហន្តរាយឥណ្ឌូណេស៉ី បាននិយាយថា ការវាយតម្លៃចុងក្រោយ គឺមនុស្ស៩១នាក់ ត្រូវបានសង្ស័យថា ជាប់នៅក្រោមគំនរបាក់បែក ខណៈកាលពីថ្ងៃអង្គារ ទីភ្នាក់ងារដដែល បានប្រាប់ថា មនុស្ស៣នាក់ត្រូវបញ្ជាក់ថាបានស្លាប់ និង៣៨នាក់ បាត់ខ្លួន។

    គួរបញ្ជាក់ថា នាពេលនេះ ក្រុមសង្រ្គោះកំពុងផ្តោតលើការផ្តល់អុកស៉ីហ្សែនដល់អ្នកនៅរស់ ដែលជាប់ក្រោមគំនរអគារ ហើយឃើញតំបន់ចំនួន៧ ដែលមានសញ្ញាអ្នកអាចនៅមានជីវិត៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: