ខេត្តតាកែវ នឹងចាប់ផ្តើមសាកល្បងដាក់ឱ្យដំណើរការ «ផ្សារផលិតផលខ្មែរ ឬផ្សារចុងសប្តាហ៍» នៅខែតុលានេះ
(ភ្នំពេញ)៖ មន្ទីរពាណិជ្ជកម្មខេត្តតាកែវ នឹងអនុវត្តន៍សាកល្បងផ្សារផលិតផលខ្មែរខេត្តតាកែវ (ផ្សារចុងសប្តាហ៍) សម្រាប់តាំងលក់ផលិតផលរបស់ក្រុមផលិត ដើម្បីបង្កើនប្រាក់ចំណេញដល់ក្រុមកសិករផលិត និងអាជីវករ។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់មន្ទីរពាណិជ្ជកម្មខេត្តតាកែវ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥នេះ។

ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា មន្ទីរពាណិជ្ជកម្មខេត្តតាកែវ បានកំពុងអនុវត្តគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) ហើយការរៀបចំផ្សារផលិតផលខ្មែរ ជាសកម្មភាពអាទិភាពមួយនៃគម្រោង (AIMS) ដើម្បីលើកកម្ពស់តម្លៃ សរុបនៃផលិតផលកសិកម្មនៅលើទីផ្សារ និងជាការតាំងលក់ផលិតផលរបស់ក្រុមផលិត ដែលបានទទួលការគាំទ្រ ពីគម្រោងក្នុងការអភិវឌ្ឍន៍ខ្សែច្រវាក់តម្លៃដើម្បីបង្កើនប្រាក់ចំណេញដល់ក្រុមកសិករផលិត និងអាជីវករ។
ការអនុវត្តន៍សាកល្បង ផ្សារផលិតផលខ្មែរខេត្តតាកែវ (ផ្សារចុងសប្តាហ៍) គឺមានរយៈពេល៣(បី)ខែ រៀងរាល់ថ្ងៃសៅរ៍ និង ថ្ងៃអាទិត្យ។ មន្ទីរពាណិជ្ជកម្មខេត្ត នឹងចាប់ផ្តើមអនុវត្តន៍ចាប់ពីសប្តាហ៍ទី១ នៃខែតុលា ត្រូវនឹងថ្ងៃទី៤ និងទី៥ ខែតុលា ឆ្នាំ២០២៥ នេះតទៅ ដែលមានទីតាំងស្ថិតនៅលើសួនច្បារទល់មុខរោងមហោស្របខេត្ត។
មន្ទីរពាណិជ្ជកម្មខេត្តតាកែវ ក្នុងនាមជាអ្នកសម្របសម្រួលក្នុងការអនុវត្តន៍ ផ្សារផលិតផលខ្មែរ ខេត្តតាកែវ សូមអញ្ជើញ លោក-លោកស្រី និងសាធារណៈជនទូទៅ ចូលរួមជួយគាំទ្រផលិតផលខ្មែរ ស្នាដៃ កសិករខ្មែរ ដែលជាផលិតផលក្នុងខេត្តតាកែវ ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុកឱ្យបានច្រើន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News



