ពន្លឺជីវិតថ្មី! កុមារាម្នាក់ដែលកើតមានដៃ៤ ជើង៤ ឆ្លងកាត់ការវះ-កាត់ ៤ដំណាក់កាលដោយជោគជ័យ នៅមន្ទីរពេទ្យគន្ធបុប្ផា, បច្ចុប្បន្នភាពសុខភាពល្អធម្មតាដូចកុមារទូទៅ
(ភ្នំពេញ)៖ គេនៅចាំបានកុមារាម្នាក់កាលអំឡុងឆ្នាំ២០២៣ ដែលកើតមានដៃ៤ និងជើង៤ ហើយមិនមានរន្ធគូថនៅស្រុកសំពៅលូន ខេត្តបាត់ដំបងនោះ រហូតមកទល់ពេលនេះ បានឆ្លងកាត់ការវះកាត់៤ដំណាក់កាល ដោយជោគជ័យ នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផា) ដែលប្រៀបបីដូចជាការទទួលបានជីវិតថ្មីម្ដងទៀត ក្រោយការជួយសង្គ្រោះយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ។

កុមារាអាយុ២ឆ្នាំ និង៣ខែ ចូលសំរាកពេទ្យតាំងពីអាយុ២ថ្ងៃ (ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣) មកពីស្រុកសំពៅលូន ខេត្តបាត់ដំបង ប្រសូត្រតាមផ្លូវធម្មជាតិ ដោយមានមកពីកំណើតនូវអវៈយវៈលើ៤ (ដៃ) អវៈយវៈក្រោម៤ (ជើង) (Parasitic twin or Conjoined twin) form heteropagus, acephalus and acardius) និងមានរន្ធគូទត្បៀតជិត (Anal imperforation) បានចូលសំរាកព្យាបាលនៅផ្នែកសង្គ្រោះទារក (NICU) ហើយត្រូវបានវះកាត់ដោយ គ្រូពេទ្យឯកទេសវះកាត់ នៃមន្ទីរពេទ្យកុមារជ័យវរ្ម័នទី៧ (គន្ធបុប្ផា) ដែលដឹកនាំវះកាត់ដោយលោកសាស្ត្រាចារ្យ កែវ សុខា។
ទារករូបនេះ បានឆ្លងការវះកាត់៤លើក ដោយជោគជ័យ៖
* ការវះកាត់លើកទី១ គឺការវះកាត់យកអវៈយវៈលើ១គូ (ដៃ) ចេញ
* ការវះកាត់លើកទី២ គឺការវះកាត់ដោយចោះពោះវៀនធំ ដើម្បីឲ្យទារកបន្ទោបង់លាមកតាមចង្កេះ (colostomy) បណ្តោះអាសន្ន
* ការវះកាត់លើកទី៣ គឺការវះកាត់យកអវៈយវៈក្រោម១គូ (ជើង) ចេញ
* ការវះកាត់លើកទី៤ គឺការវះកាត់យកឆ្អឹង pubis ដែលខូចទំរង់ពីកំណើតចេញ។ ក្រោយការព្យាបាលដោយវះកាត់ទាំង៤លើកទារកមានសុខភាពល្អ មានការលូតលាស់ និងធំធាត់ប្រក្រតី ដោយមានការជួយសង្គ្រោះដ៏ល្អ និងមានប្រសិទ្ធិភាពពីក្រុមវេជ្ជបណ្ឌិតឯកទេសផ្នែកសង្គ្រោះទារក (NICU)។
នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ទារករូបនេះ បានចេញទៅផ្ទះដោយស្នាមញញឹមជាមួយឪពុកម្តាយ។ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ កុមារារូបនេះ មានសុខភាពល្អបរិបូរណ៍អាចដើរ និងរត់លេងបានដូចកុមារធម្មតា។
ក្រុមការងារវះកាត់ នឹងរៀបចំគម្រោងវះកាត់លើកទី៥ ជាដំណាក់កាលបញ្ចប់នាខែមីនា ឆ្នាំ២០២៦ខាងមុខនេះ ដោយការជួសជុលរន្ធគូទ និងអវៈយវៈភេទឲ្យនៅចំកន្លែងធម្មជាតិ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News



