ព័ត៌មានជាតិ October 7, 2025

ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បង្ក្រាបករណីផ្ដល់កម្ចីប្រាក់ដោយខុសច្បាប់ ដែលមានអត្រាការប្រាក់ខ្ពស់

Liny Chan

(ព្រៃវែង)៖ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីប្រតិបត្តិការបង្ក្រាបករណីផ្ដល់កម្ចីប្រាក់ដោយខុសច្បាប់ ដោយមានអត្រាការប្រាក់ខ្ពស់។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានឲ្យដឹងថា រយៈពេល ០២ ថ្ងៃកន្លង ទៅនេះ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សហការជាមួយកម្លាំងនាយកដ្ឋានប្រឆាំងភេរវកម្ម អគ្គស្នងការដ្ឋាន នគរបាលជាតិ បានធ្វើការបង្ក្រាបករណី ផ្តល់កម្ចីប្រាក់ដោយខុសច្បាប់ ដោយមានអត្រាការប្រាក់ខ្ពស់ ស្ថិតក្នុង ភូមិសាស្ត្រខេត្តព្រៃវែង និងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ៦៤ នាក់ ស្រី ២៤នាក់ រួមទាំងវត្ថុតាងមួយចំនួនធំ។

កិច្ចប្រតិបត្តការទ្រង់ទ្រាយធំនេះ បានធ្វើឡើងបន្ទាប់ពីទទួលបានអនុសាសន៍ណែនាំ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឱ្យស្នងការដ្ឋាននគរបាលខេត្តព្រៃវែង និងនាយកដ្ឋាន ប្រឆាំងភារវកម្ម ចុះស្រាវជ្រាវករណីខាងលើ ។

ក្រោយពីទទួលបានអនុសាសន៍ណែនាំ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានគោរពសុំគោលការណ៍ និងទទួលបានការឯកភាពពី លោក សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង និង លោក គុជ គីមឡុង ព្រះរាជអាជ្ញា អមសាលា ដំបូងខេត្តព្រៃវែង កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បូករួមជាមួយកម្លាំងនគរបាល នៃនាយក ដ្ឋានប្រឆាំងភេរវកម្ម អគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះស្រាវជ្រាវករណីខាងលើក្នុងមូលដ្ឋានស្រុកមួយចំនួនក្នុង ខេត្តព្រៃវែង អស់រយៈពេល ០២ សប្តាហ៍។ ទីបំផុត កម្លាំងនគរបាលបានស្រាវជ្រាវកំណត់ទីតាំងសង្ស័យចំនួន ០៥ ដោយឃាត់ខ្លួនបានជនសង្ស័យបានចំនួន ៦៤នាក់ (ស្រី ២៤ នាក់) រួមនិងវត្ថុតាងមួយចំនួនធំទៀត។

ក្នុងចំណោម ក្រុមផ្តល់ប្រាក់កម្ចីទាំង ០៥ ក្រុមនោះ គឺសុទ្ធតែខុសច្បាប់ នៃព្រះរាជាណាចក្រកម្ពុជាទាំងស្រុង ដោយក្នុងនោះមាន ០៤ ក្រុម គឺពុំមានអាជ្ញាប័ណ្ណត្រឹមត្រូវតាមច្បាប់ឡើយ ដោយឡែក ០១ ក្រុមទៀត មានអាជ្ញាប័ណ្ណ ប៉ុន្តែគឺជាអាជ្ញាប័ណ្ណអាជីវ កម្មទទួលបញ្ចាំតែប៉ុណ្ណោះ មិនមែនជាអាជ្ញាប័ណ្ណផ្តល់ប្រាក់កម្ចីនោះទេ។ យ៉ាងណាក៏ដោយទីតាំងផ្តល់ប្រាក់កម្ចីទាំងអស់នោះ គឺបានផ្តល់កម្ចីដោយមានអត្រាការប្រាក់ខ្ពស់ហួសកម្រិត ក្នុងរូបភាពក្លែងបន្លំការប្រាក់ពី ១០ ទៅ ១៥ ភាគរយ ក្នុងមួយខែ ប៉ុន្តែបើស្រាវជ្រាវលម្អិតគឺអត្រាការប្រាក់ខ្ពស់រហូតដល់ ៨០ ទៅ ៨៥ ភាគរយ ។

ឆ្លងតាមរយៈការស្រាវជ្រាវនេះ កម្លាំងនគរបាលក៏មានមូលដ្ឋាន ដើម្បីនាំយកជនសង្ស័យ និងវត្ថុតាងមកកាន់ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដើម្បីសួរនាំបន្តតាមនីតិវិធី។ បច្ចុប្បន្ន ជនសង្ស័យជាអ្នកទទួលខុសត្រូវជាន់ ខ្ពស់នៅក្នុងក្រុមផ្តល់ប្រាក់កម្ចីទាំង ០៥ ក្រុមនេះ ត្រូវបាននគរបាលជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង ខេត្តព្រៃវែង ដើម្បីផ្តន្ទាទោសតាមច្បាប់ ដោយឡែកបុគ្គលិកជាភ្នាក់ងារផ្តល់ប្រាក់កម្ចីធម្មតា ត្រូវបានអប់រំ ធ្វើកិច្ចសន្យា និងដាក់ក្នុងការស៊ើបអង្កេតបន្ត ដើម្បីស្រាវជ្រាវរកបណ្តាញទីតាំងផ្តល់ប្រាក់កម្ចីខុសច្បាប់បន្ថែមទៀត ។

បន្ទាប់ពីកិច្ចប្រតិបត្តិការបង្ក្រាបជំហានទី ០១ នេះ បានបញ្ចប់រួចមក នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងអភិបាល នៃគណៈអភិបាលខេត្តព្រៃវែង បានចង្អុលណែនាំឱ្យ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង កោះប្រជុំបន្ទាន់ និងបន្តចុះស៊ើបអង្កេតស្រាវជ្រាវ បង្ក្រាបករណីផ្តល់កម្ចីខុសច្បាប់ ដោយមានអត្រាការប្រាក់ខ្ពស់នេះឱ្យអស់ពីមូលដ្ឋានទាំង ១៣ ក្រុង/ស្រុក និង ១១៦ ឃុំ/សង្កាត់ ក្នុងខេត្តព្រៃវែង ហើយ ខិតខំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យយល់ដឹងអំពីការបោកបញ្ឆោតនៃការផ្តល់ប្រាក់កម្ចីខុសច្បាប់ ប្រាក់ខ្ពស់នេះ ដល់គ្រប់មូលដ្ឋានទាំងអស់នៅក្នុងខេត្តព្រៃវែង។

ទន្ទឹមនឹងនេះផងដែរ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សូមធ្វើការប្រកាសដល់ប្រជាពលរដ្ឋក្នុង ខេត្តព្រៃវែង ឈប់ទទួលប្រាក់កម្ចីខុសច្បាប់ដោយមានអត្រាការប្រាក់ខ្ពស់នេះជាបន្តទៀត និងសូមអំពាវនាវដល់អ្នក ដែលជាប់ពាក់ព័ន្ធ ត្រូវបញ្ឈប់នូវសកម្មភាពផ្តល់ប្រាក់កម្ចីខុសច្បាប់ ដោយមានអត្រាការប្រាក់ខ្ពស់នេះជាបន្ទាន់ ក្នុងករណីដែលសមត្ថកិច្ចស្រាវជ្រាវដឹង នោះសមត្ថកិច្ចនឹងធ្វើការបង្ក្រាបឱ្យដល់ឫសគល់ និងគ្មានការលើកលែងដល់ជនណាម្នាក់ឡើយ។

បន្ថែមលើនេះ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់មន្ត្រីនគរបាលទាំង ១១៦ ឃុំ/សង្កាត់ ឱ្យពិនិត្យមើលក្រុមដែលផ្តល់ប្រាក់កម្ចីខុសច្បាប់ ដោយមានអត្រាការប្រាក់ខ្ពស់នេះ បើនៅតែបន្តផ្តល់ប្រាក់កម្ចីដល់ប្រជាពលរដ្ឋ ឬមានការគំរាមកំហែងដល់ប្រជាពលរដ្ឋ ត្រូវចាត់ទុកពួកគាត់ជាជនប្រព្រឹត្តបទល្មើស ហើយត្រូវបង្ក្រាបឱ្យបានទាន់ពេលវេលា និងត្រូវការពារប្រជាពលរដ្ឋឱ្យខាងតែបាន៕

ខាងក្រោមនេះ ជាសេចក្តីប្រកាស៖

ផ្ដល់សិទ្ធិដោយ៖ Fresh News