ព័ត៌មានជាតិ October 7, 2025

ទឹកជំនន់បន្តវាយប្រហារប្រទេសថៃ ដោយជន់លិច ១៩ខេត្ត ផ្តា-ច់ជីវិតមនុស្ស ២២នាក់ និងធ្វើឱ្យប្រជាជនជិត ៤សែននាក់ រងផលប៉ះពាល់

Liny Chan

(បាងកក)៖ នាថ្ងៃអង្គារ ទី៧ ខែតុលា អាជ្ញាធរថៃបានឱ្យដឹងថា គ្រោះទឹកជំនន់ដែលបាននិងកំពុងបន្តវាយប្រហារប្រទេសរបស់ខ្លួន បានផ្តាច់ជីវិតមនុស្សសរុបកើនដល់២២នាក់ហើយ គិតក្នុងអំឡុងពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ស្របពេលដែលអាជ្ញាធរកំពុងស្ទុះស្ទាផ្តល់ជំនួយ ដល់ប្រជាជនប្រហែល៣៧០ ០០០នាក់ ដែលរងផលប៉ះពាល់​។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

អាជ្ញាធរទប់ស្កាត់គ្រោះមហន្តរាយរបស់ប្រទេសថៃ បាននិយាយថា ខេត្តសរុបចំនួន១៩ បានទទួលរងការជន់លិច ក្នុងនោះតំបន់ដែលធ្ងន់ធ្ងរជាងគេ រួមមានខេត្ត Uttaradit និង Ayutthaya ដែលនៅភាគខាងជើងទីក្រុងបាងកក។ ក្រុមសង្រ្គោះ កំពុងខិតខំចែកចាយស្បៀងអាហារ និងសម្ភារផ្គត់ផ្គង់ផ្សេងទៀតៗ ដល់ជនរងគ្រោះ ហើយកំពុងតាមឃ្លាំមើលស្ថានការណ៍បន្តទៀត ចំពោះមុខការធ្លាក់ភ្លៀងខ្លាំងពាសពេញផ្ទៃប្រទេស។

គួរបញ្ជាក់ថា កាលពីខែសីហា មនុស្ស៥នាក់ ក៏បានស្លាប់ និង១៥នាក់បានរងរបួសផងដែរ នៅតំបន់ភាគខាងជើងប្រទេសថៃ ដោយសារគ្រោះបំណាក់ដីនិងទឹកជំនន់ បង្កឡើងដោយព្យុះទីហ្វុង Kajiki។ សម្រាប់កាលពីឆ្នាំមុនវិញ មនុស្សយ៉ាងហោច ២២នាក់ បានបាត់បង់ជីវិត ដោយសារតែគ្រោះទឹកជំនន់និងបំណាក់ដី បង្កឡើងដោយភ្លៀងមូសុង នៅទូទាំងប្រទេសថៃ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News