ព័ត៌មានជាតិ October 8, 2025

ឧបនាយករដ្ឋមន្ដ្រី ស សុខា៖ រយៈពេលជាង ២ឆ្នាំនេះ កម្ពុជា បណ្ដេញជនបរទេស ពាក់ព័ន្ធបទល្មើសអនឡាញជាង ១ម៉ឺននាក់

Liny Chan

(ភ្នំពេញ)៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានលើកឡើងថា រយៈពេលជាង២ឆ្នាំមកនេះ ក្នុងនីតិកាលទី៧ នៃរដ្ឋសភា កម្ពុជាបានបណ្ដេញចេញ នូវជនបរទេសពាក់ព័ន្ធ បទល្មើសអនឡាញជាង១៥,០០០នាក់ រួចទៅហើយ។

ក្នុងឱកាសអញ្ជើញជាអធិបតីបើកសិក្ខាសាលាស្ដីពី ការផ្លាស់ប្ដូរបទពិសោធន៍ ក្នុងការប្រយុទ្ធប្រឆាំង បទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា និងការសម្អាតប្រាក់ នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥នេះ នាទីស្ដីការក្រសួងមហាផ្ទៃ លោកអភិសន្ដិបណ្ឌិត ស សុខា បានរំលឹកថា កាលពីអាណត្តិទី៦ កម្ពុជា ក៏បានបណ្ដេញចេញ នូវបរទេសពាក់ព័ន្ធ បទល្មើសអនឡាញ ជាង ២១,០០០នាក់ក្នុងមួយអាណត្តិ។

ឧបនាយករដ្ឋមន្ដ្រី ស សុខា បានថ្លែងបែបនេះថា «ក្នុងអាណត្តិទី៦ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី ព្រមទាំងសម្ដេចក្រឡាហោម ស ខេង យើងបានបណ្ដេញចេញជនបរទេស ដែលពាក់ព័ន្ធអនឡាញ ប្រមាណជាង២១,០០០នាក់ ក្នុងមួយអាណត្តិ។ ដោយឡែក ក្នុងនីតិកាលទី៧នេះ គិតត្រឹមជាង២ឆ្នាំ នៃដើមអាណត្តិទី៧នេះ យើងបានបណ្ដេញចេញប្រមាណជាង១៥,០០០នាក់រួចទៅហើយ»

លើសពីនេះ លោកអភិសន្ដិបណ្ឌិត ស សុខា បានបន្ដថា ការបណ្ដេញជនបរទេសទាំងនេះ បានឆ្លុះបញ្ចាំងឲ្យឃើញថា រាជរដ្ឋាភិបាល នីតិកាលទី៧ បានយកចិត្តទុកដាក់ខ្ពស់ ទៅលើកិច្ចការងារបទល្មើសអនឡាញ។

លោកអភិសន្ដិបណ្ឌិត បន្ដទៀតថា កិច្ចការងារ បង្ក្រាបបទល្មើសអនឡាញ មិនមែនតែកម្ពុជា ម្នាក់ឯងទទួលខុសត្រូវនោះទេ ដូច្នេះ ឯកឧត្តមអភិសន្ដិបណ្ឌិត បានស្នើដល់បណ្ដាប្រទេសនានា ស្វែងយល់ពីគ្នាទៅវិញទៅមក ដើម្បីរួមបង្ក្រាប បទល្មើសអនឡាញ។

បើតាម ឧបនាយករដ្ឋមន្ដ្រី ស សុខា, ការវិវត្តន៍នៃការឆបោកបទល្មើសអនឡាញមានភាពជឿនលឿន បើធៀបនឹង ៥ឆ្នាំមុន គឺមានលក្ខណៈខុសគ្នា។ ការឆបោកបទល្មើសអនឡាញ សម្រាប់ប្រទេសកម្ពុជា មិនមែនជាទីផ្សារ សម្រាប់ក្រុមឧក្រិដ្ឋជននោះទេ គឺពិភពលោកដូច្នេះត្រូវមានការចូលរួមទប់ ស្កាត់ពីគ្រប់ភាគីពាក់ព័ន្ធ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News