ចាប់ខ្លួនមន្រ្តីនគរបាលវរសេនាតូចការពារព្រំដែន៨៩១ នៅខេត្តបន្ទាយមានជ័យ ៦នាក់ ពាក់ព័ន្ធបទល្មើសនាំមនុស្សឆ្លងដែនខុសច្បាប់
(បន្ទាយមានជ័យ)៖ នៅយប់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ កម្លាំងកងពលលេខ៥១ បានសហការជាមួយកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំបញ្ជាផ្ទាល់លោកឧត្ដមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង និងជានាយសេនាធិការយោធភូមិភាគ៥ បានឃាត់ខ្លួនមន្ត្រីនគរបាលខេត្តបន្ទាយមានជ័យ ចំនួន៦នាក់ ពាក់ព័ន្ធបទល្មើសនាំមនុស្សឆ្លងដែនខុសច្បាប់ នៅចំណុចប៉ុស្តិ៍ការពារព្រំដែនគោកអូរល្ហុង។

មន្រ្តីនគរបាលទាំង៦រូប ដែលត្រូវឃាត់ខ្លួនរួមមាន៖
ទី១៖ លោកវរសេនីយ៍ត្រី សុខ សំអុល ហៅតុង តួនាទីមេបញ្ជាការរង វរសេនាតូចការពារព្រំដែន៨៩១ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ
ទី២៖ លោកវរសេនីយ៍ត្រី ព្រឹម ដែន ភេទតួនាទី មេបញ្ជាការរង វរសេនាតូចការពារព្រំដែន៨៩១ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ
ទី៣៖ លោកវរសេនីយ៍ត្រី ព្រំ ផូរ ហៅ ងិក តួនាទីមេប៉ូស្តិ៍នគរបាលការពារព្រំដែនគោក អូរល្ហុង វរសេនាតូច៨៩១
ទី៤៖ លោកពលបាលត្រី ព្រឹម ឌុន តួនាទីមន្ត្រី វរសេនាតូច៨៩១
ទី៥៖ លោកពលបាលត្រី កាក់ សេងទ្រី តួនាទីមន្ត្រី វរសេនាតូច៨៩១
ទី៦៖ លោកអនុសេនីយ៍ទោ ភុំ ចំរើន តួនាទីមន្ត្រី វរសេនាតូច ៨៩១
៧៖ ឈ្មោះ ងុិក មិថុនា តួនាទី ចុងភៅ (មិនពាក់ព័ន្ធ)។
បន្ទាប់ពីឃាត់ខ្លួនរួចមន្ត្រីនគរបាលទាំង៦រូបនេះ ត្រូវបានប្រគល់ជូនទៅសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដេីម្បីចាត់ការបន្ត។
មន្ត្រីដែលពាក់ព័ន្ធបទល្មើសមានចំនួន៦នាក់ ដោយឡែកចុងភៅគ្មានការពាក់ព័ន្ធទេ មន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ កំពុងកសាងសំណុំរឿងដេីម្បីបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News







