ស្នងការនគរបាលខេត្តកំពង់ចាម៖ ករណីអ្នករត់តាក់ស៉ីត្រូវគេចា-ក់ឲ្យរបួស មិនមែនជាករណីប្ល-ន់ឡើយ ផ្ដើមចេញពីទំនាស់អ្នកដំណើរជាមួយអ្នកបើកបរ, ជនបង្កត្រូវសមត្ថកិច្ចចាប់ខ្លួន
(កំពង់ចាម)៖ ករណីអ្នករត់តាក់ស៉ីត្រូវបានគេចាក់ឲ្យរងរបួស ហើយស្វែងរកជំនួយពីសមត្ថកិច្ចនៅយប់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥នេះ ក្នុងភូមិសាស្ដ្រស្រុកព្រៃឈរ ខេត្តកំពង់ចាម មិនមែនជាករណីប្លន់ឡើយ តែផ្ដើមចេញពីទំនាស់រវាងអ្នកធ្វើដំណើរជាមួយអ្នករត់តាក់ស៉ី រហូតឈានដល់ការប្រើប្រាស់កាំបិតចុងស្រួចចាក់ឲ្យអ្នកបើករថយន្ដរងរបួសតែម្ដង។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអះអាងថា ក្រោយទទួលព័ត៌មានភ្លាម សមត្ថកិច្ចបានធ្វើការស្វែងរក នឹងប្រទះឃើញរថយន្តរបស់ជនរងគ្រោះ ម៉ាកព្រូស នៅចំណុចភូមិទួលពោន ឃុំមៀន ស្រុកព្រៃឈរ ចំណែកជនរងគ្រោះ ត្រូវក្រុមគ្រួសារយកទៅព្យាបាល នៅមន្ទីរពេទ្យខេត្តកំពង់ចាម។
តាមការសាកសួរព្រូឡាន ដែលធ្វើដំណើរជាមួយគ្នាបានឲ្យដឹងថា មូលហេតុ ឈានដល់ប្រព្រឹត្តអំពើហិង្សា គឺបណ្តាលមកពីការប៉ះទង្គិចពាក្យសម្តី ក្នុងការតថ្លៃតម្លៃមិនត្រូវគ្នា ដោយសារដំបូងជនសង្ស័យ បាននិយាយឲ្យជនរងគ្រោះជូនដល់ខេត្តកំពង់ចាមក្នុងតម្លៃ ១០ដុល្លារ លុះធ្វើដំណើរដល់ចំណុចស្ពាន ស្ទឹងប្រយោល ក្នុងស្រុកព្រៃឈរ ជនសង្ស័យបានឲ្យជនរងគ្រោះជូនទៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំវិញ ក៏កើតការប៉ះសម្តីគ្នា ហើយជនសង្ស័យក៏ធ្វើសកម្មភាពដកកូនកាំបិតចាក់តែម្ដង។ តាមការពិនិត្យនៅលើរថយន្ត ឃើញថា ពុំមានបាត់បង់អ្វីនោះឡើយ ដូចនេះសមត្ថកិច្ចសន្និដ្ឋានថា ជាករណីហិង្សាពុំមែនជាករណីប្លន់នោះទេ។
បន្ទាប់មក កម្លាំងសមត្ថកិច្ចជំនាញ បើកកិច្ចប្រតិបត្តិការស្វែងរក និងឃាត់ខ្លួនជនសង្ស័យបាននៅចំណុចភូមិត្រពាំងជ្រៃ ឃុំក្រឡា ស្រុកកំពង់សៀម ហើយបាននាំខ្លួនមកសាកសួរបំភ្លឺ នៅអធិការដ្ឋាននគរបាលស្រុកកំពង់សៀម ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តសកម្មភាពដូចខាងលើពិតប្រាកដមែន។ បច្ចុប្បន្នសមត្ថកិច្ចជំនាញ បាននិងកំពុងចងក្រងសំណុំរឿងតាមនីតិវិធី បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត៕ ផ្ដល់សិទ្ធិដោយ៖ Fresh News



