ព័ត៌មានជាតិ October 9, 2025

BREAKING: ប្រធានាធិបតី ដូណាល់ ត្រាំ ផ្ញើលិខិតទៅនាយករដ្ឋមន្រ្តីថៃ ដោយបង្ហាញពីបំណងចង់ឃើញកម្ពុជានិងថៃ ដោះស្រាយជម្លោះព្រំដែនឱ្យដាច់ស្រេច

Liny Chan

(បាងកក)៖ នាថ្ងៃព្រហស្បតិ៍ ទី៩ ខែតុលា នាយករដ្ឋមន្រ្តីថៃ លោក Anutin Charnvirakul បាននិយាយថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានផ្ញើលិខិតមួយមកកាន់លោក ដោយនិយាយថា លោកប្រធានាធិបតីចង់ឃើញ ថៃនិងកម្ពុជា ដោះស្រាយជម្លោះព្រំដែន ដែលនៅមិនទាន់បាត់ភាពតានតឹង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP ចេញផ្សាយ។

និយាយប្រាប់ក្រុមអ្នកសារព័ត៌មាន នៅទីក្រុងបាងកក លោកនាយករដ្ឋមន្រ្តីថៃ បានលើកឡើងយ៉ាងដូច្នេះថា «លោកប្រធានាធិបតី ត្រាំ បានផ្ញើលិខិតមួយមកកាន់ខ្ញុំ ដោយបង្ហាញពីបំណងរបស់លោកថា រូបលោកចង់ឃើញប្រទេសទាំងពីរ គឺថៃនិងកម្ពុជា ចរចាគ្នារកដំណោះស្រាយដើម្បីបញ្ចប់ជម្លោះ»។ លោក Anutin បានបន្តថា «ខ្ញុំនឹងឆ្លើយតបទៅលោក ត្រាំ វិញ ជាមួយគោលជំហររបស់យើង ហើយប្រសិនបើខាងកម្ពុជាទទួលយកនោះយើងត្រៀមជាស្រេចដើម្បីចរចា»។

គួរបញ្ជាក់ថា កាលពីខែកក្កដា ភាពតានតឹងជុំវិញបញ្ហាព្រំដែន បានប្រែក្លាយទៅជា ការប៉ះទង្គិចយោធាដ៏ប្រល័យរវាងប្រទេសថៃ និងប្រទេសកម្ពុជា។ ក្រោយប្រយុទ្ធគ្នា៥ថ្ងៃ ភាគីទាំងពីរបានព្រមព្រៀងលើបទឈប់បាញ់ ដែលផ្តួចផ្តើមដោយលោក ត្រាំ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News