ព័ត៌មានជាតិ October 9, 2025

ប្រធានមន្ទីរពេទ្យភ្នែកខេត្តតាកែវ អំពាវនាវដល់អ្នកជំងឺទឹកនោផ្អែម និងអ្នកជំងឺលើសឈាមទៅធ្វើការពិនិត្យភ្នែកជៀសវាមានបញ្ហាភ្នែកធ្ងន់ធ្ងរ

Liny Chan

(តាកែវ)៖ ដើម្បីចូលរួមអបអរសាទរទិវាសុខភាពភ្នែកពិភពលោក ឆ្នាំ២០២៥ ក្រោមប្រធានបទ «ស្រលាញ់ភ្នែករបស់អ្នក» ប្រធានមន្ទីរពេទ្យភ្នែកខេត្តតាកែវបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានជំងឺទឹកនោមផ្អែម និងមានជំងឺលើសសម្ពាធឈាមសូមទៅធ្វើការពិនិត្យភ្នែកជាបន្ទាន់ជៀសវាងមានបញ្ហាភ្នែកធ្ងន់ធ្ងរ។

លោកវិជ្ជបណ្ឌិត តែ សេរីបុណ្យ ប្រធានមន្ទីពេទ្យភ្នែកខេត្តតាកែវ បានឱ្យដឹងថា នៅក្នុងឆ្នាំនេះកម្មវិធីសុខភាពភ្នែកបានកត់សម្គាល់ឃើញមានស្ថានភាពជំងឺទឹកនោមផ្អែក និងជំងឺលើសសម្ពាធឈាមទៅលើប្រជាពលរដ្ឋខ្មែរមានការកើនឡើង ហើយជំងឺទាំងនេះវាប៉ះពាល់ទៅដល់ភ្នែក ដូច្នោះ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានជំងឺទឹកនោមផ្អែម និងជំងឺលើសឈាមសូមមកធ្វើការពិនិត្យភ្នែកកុំឱ្យភ្នែកមានបញ្ហាធ្ងន់ធ្ងររហូតអាចក្លាយជាអ្នកពិការភ្នែក។

លោកវេជ្ជបណ្ឌិត ជា អាង អនុប្រធានផ្នែកវេជ្ជសាស្រ្តនៃមន្ទីរពេទ្យភ្នែកតាកែវ បានថ្លែងថា អ្នកកើតជំងឺទឹកនោមផ្អែម និងជំងឺលើសឈាមដែលមានរយៈពេល៥ឆ្នាំឡើងទៅ វានឹងប៉ះពាល់ដល់ភ្នែក ដូច្នោះ អ្នកកើតជំងឺទឹកនោមផ្អែម និងអ្នកជំងឺលើសឈាមត្រូវមកពិនិត្យភ្នែកឱ្យបានម្ដងក្នុងមួយឆ្នាំ ព្រោះបើការពិនិត្យទៅឃើញមានបញ្ហា ក្រុមគ្រូពេទ្យអាចនឹងធ្វើការព្យាបាលបានទាន់ពេលវេលា។

លោកវេជ្ជបណ្ឌិត ជា អាង បានបន្តថា ការព្យាបាលជំងឺបាតភ្នែកទៅលើអ្នកជំងឺទឹកនោមផ្អែក និងអ្នកជំងឺលើសឈាម តាមរយៈការចាក់ថ្នាំ ឬបាញ់កាំរស្មី ហើយបើធ្ងន់ធ្ងរអាចឈានទៅដល់ការវះកាត់ភ្នែកថែមទៀតផង ហើយដើម្បីរក្សាភ្នែកឱ្យបានល្អ អ្នកជំងឺទឹកនោមផ្អែម ឬអ្នកជំងឺលើសឈាមត្រូវធ្វើយ៉ាងណារក្សាកម្រិតជាតិស្ករនៅក្នុងឈាមរបស់ខ្លួនឱ្យបានល្អ។

គួបញ្ជាក់ថា នៅក្នុងទិវាសុខភាពភ្នែកពិភពលោកឆ្នាំ២០២៥ ក្រោមប្រធានបទ «ស្រលាញ់ភ្នែករបស់អ្នក» មន្ទីរពេទ្យភ្នែកតាកែវនឹងធ្វើការពិនិត្យ ព្យាបាលភ្នែកដោយឥតបង់ថ្លៃរយៈពេល៣ថ្ងៃ ដោយចាប់ផ្ដើមពីថ្ងៃទី០៨ រហូតដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥៕ ផ្ដល់សិទ្ធិដោយ៖ Fresh News