Khaosod English និង Thai Press បង្ហោះរូបភាពមិនពិត៖ Fresh News បញ្ជាក់ចេញពីចំណុចព្រំដែនថា មិនមានប្រជាពលរដ្ឋខ្មែរជួបជុំនៅព្រំដែនព្រៃចាន់ និងជោគជ័យឡើយ
(ព្រំដែន)៖ ថ្ងៃទី១០ តុលា ២០២៥ – បណ្តាញព័ត៌មាន Fresh News បានបដិសេធចំពោះការផ្សាយរូបភាពរបស់សារព័ត៌មាន Khaosod English និង Thai Press ដែលអះអាងថា មានប្រជាពលរដ្ឋខ្មែរជួបជុំគ្នានៅភូមិព្រៃចាន់ និងជោគជ័យ ដែលស្ថិតជិតតំបន់ព្រំដែនកម្ពុជា–ថៃ។

អ្នកយកព័ត៌មាន Fresh News នៅតំបន់ព្រៃចាន់បានរាយការណ៍ថា គិតត្រឹមម៉ោង១០៖៥០នាទីព្រឹក ថ្ងៃទី១០ តុលា ២០២៥ មិនមានហេតុការណ៍ប្រមូលផ្ដុំ ឬការជួបជុំប្រជាជនណាមួយកើតឡើងឡើយ។ គួរកត់សម្គាល់ថា រូបភាពដែល Khaosod English និង Thai Press បានប្រើក្នុងការបោះផ្សាយ គឺជារូបភាពចាស់ ដែលត្រូវបានយកមកប្រើឡើងវិញ ដោយគ្មានការផ្ទៀងផ្ទាត់ប្រភព និងពេលវេលាជាក់លាក់។
ការផ្សាយនេះមានចេតនាអាក្រក់ ដើម្បីទម្លាក់កំហុសណាមួយលើកម្ពុជា។ មកដល់ត្រឹមម៉ោង១០៖៥០នាទីព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ សភាពការណ៍បន្តស្ងប់ស្ងាត់ តែពង្រឹងស្មារតីការពារ។ ការបោះផ្សាយព័ត៌មានមិនពិតបែបនេះ អាចបណ្តាលឲ្យមានការយល់ច្រឡំ និងប៉ះពាល់ដល់ស្ថានភាពសន្តិភាពព្រំដែន ដែលកំពុងស្ថិតក្រោមការត្រួតពិនិត្យរបស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) និងក្រុមអ្នកសង្កេតការណ៍អាស៊ាន។
Fresh News អំពាវនាវឲ្យសារព័ត៌មានទាំងក្នុង និងក្រៅប្រទេស មានការទទួលខុសត្រូវក្នុងការផ្សាយព័ត៌មាន និងត្រូវផ្ទៀងផ្ទាត់ប្រភពឱ្យបានច្បាស់ មុននឹងចេញផ្សាយ ពិសេសនៅក្នុងកាលៈទេសៈដែលស្ថានភាពព្រំដែនកម្ពុជា–ថៃ កំពុងស្ថិតក្រោមសម្ពាធនយោបាយ និងការពិនិត្យជិតស្និទ្ធពីអន្តរជាតិ។
ការបោះផ្សាយរបស់សារព័ត៌មានថៃខាងលើ ជាឧទាហរណ៍មួយនៃព័ត៌មានមិនត្រឹមត្រូវ ដែលអាចបំភាន់សាធារណៈ និងប៉ះពាល់ដល់សុវត្ថិភាពជាតិនៅតំបន់ព្រំដែន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

