Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    កងកម្លាំងចម្រុះរបស់ថៃ បន្តទន្ទ្រានទឹកដីកម្ពុជាទាំងខុសច្បាប់ តាមរយៈការឈូសឆាយនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥

    BY Liny Chan October 10, 2025
    កងកម្លាំងចម្រុះរបស់ថៃ បន្តទន្ទ្រានទឹកដីកម្ពុជាទាំងខុសច្បាប់ តាមរយៈការឈូសឆាយនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥

    (បន្ទាយមានជ័យ)៖ កងកម្លាំងចម្រុះរបស់ថៃ នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥នេះ បានបន្តទន្ទ្រានទឹកដីកម្ពុជាទាំងខុសច្បាប់ តាមរយៈការឈូសឆាយ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

    សកម្មភាពគឃ្លើនរបស់កងកម្លាំងចម្រុះរបស់ថៃ គឺជារំលោភបំពានយ៉ាងធ្ងន់ធ្ងរ មកលើដែនអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា រំលោភបំពានបទឈប់បាញ់ ព្រមទាំងស្មារតីឯកភាពគ្នាក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ក្រោមការចូលរួមសង្កេតការណ៍ដោយម៉ាឡេស៊ី សហរដ្ឋអាមេរិក និងតំណាងប្រទេសចិន។

    បើតាមការព្រមព្រៀងគ្នាក្នុងកិច្ចប្រជុំ GBC កន្លងទៅ ដោយភាគីកម្ពុជា និងថៃ ដែលបានឯកភាពគ្នារក្សាកម្លាំងយោធារបស់ខ្លួនក្នុងទីតាំងបច្ចុប្បន្ន ដោយមិនអនុញ្ញាតឱ្យផ្លាស់ទីហួសពីទីតាំងដែលខ្លួនឈរជើងក្នុងពេលព្រៀងបទឈប់បាញ់បានចូលជាធរមាននៅម៉ោង១២យប់កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ពិសេសមិនត្រូវចល័តកងទ័ពរបស់ខ្លួនរាប់ទាំងការដើរល្បាតទៅលើទីតាំងរបស់ភាគីម្ខាងទៀតឡើយ។

    គួរឱ្យដឹងថា ក្នុងកិច្ចប្រជុំ GBC កន្លងទៅ ភាគីទាំងពីរ ក៏ព្រមព្រៀងគ្នាមិនប្រព្រឹត្តសក ម្មភាពបង្កហេតុណាមួយ ដែលនាំឱ្យមានភាពតានតឹងឡើងវិញផងដែរ រាប់ទាំងការមិនសាងសង់ ឬពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធា ឬលេណដ្ឋានហួសពីដែនរបស់ខ្លួនឡើយ។ ដូច្នេះសកម្មភាពទាំងឡាយណាចូលដីកម្ពុជាក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ គឺជាការរំលោភបំពានបទឈប់បាញ់រវាងប្រទេសទាំងពីរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: