ព័ត៌មានជាតិ October 14, 2025

ចាប់ខ្លួនជនឆ-បោក ជាស្ដ្រី ២នាក់ ដែលទាញជនរងគ្រោះ ដាក់ប្រាក់វិនិយោគតាមប្រព័ន្ធតេឡេក្រាម ដើម្បីបានប្រាក់ចំណេញ ក្នុងរយៈពេលខ្លី

Liny Chan

(ភ្នំពេញ)៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបបានករណីឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាព អូសទាញជនរងគ្រោះ ដាក់ប្រាក់វិនិយោគតាមប្រព័ន្ធតេឡេក្រាម ដោយទទួលបានប្រាក់ចំណេញច្រើន ក្នុងរយៈពេលខ្លី។ នេះបើតាម Facebook ផ្លូវការ រ​​បស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ចុះផ្សាយនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥។

បើតាមនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា, ការចុះបង្ក្រាបនេះ យោងតាមបទបញ្ជារបស់ នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំ ពីឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥។

ការចុះបង្ក្រាបនេះ ដោយមានការសម្របសម្រួល ពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥ នាយកដ្ឋាន បានឃាត់ខ្លួនជនសង្ស័យ ចំនួន០២នាក់ ទី១៖ ឈ្មោះ ស.ស.ន ភេទស្រី និងទី២៖ ឈ្មោះ ស.ធ.ន ភេទស្រី។

តាមការស្រាវជ្រាវរបស់សមត្ថកិច្ច ជនសង្ស័យទាំង២នាក់នេះ បានពាក់ព័ន្ធ និងការទិញ-លក់ គណនីតេឡេក្រាម ឲ្យទៅជនល្មើស និងបានយករូបថតថ្នាក់ដឹកនាំជាន់ខ្ពស់ និង រូបថតលោកអ្នកឧកញ៉ាជាច្រើនរូប មកធ្វើជាប្រហ្វាល់ ដើម្បីធ្វើការឆបោកជនរងគ្រោះ ដោយអូសទាញជនរងគ្រោះ ឲ្យដាក់ប្រាក់វិនិយោគតាមប្រព័ន្ធអនឡាញ។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបាននាយកដ្ឋានកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។

នាយកដ្ឋាន សូមក្រើនរំលឹក ដល់សារធារណជនទាំងអស់ សូមប្រុងប្រយ័ត្ន មុននឹងសម្រេចចិត្ត ដាក់ប្រាក់វិនិយោគតាមប្រព័ន្ធអនឡាញ និងសូមពិនិត្យពិចារណា ឲ្យបានច្បាស់លាស់ពីប្រភព នៃការផ្សព្វផ្សាយអំពីការវិនិយោគតាមអនឡាញ ជៀសវាងការខាតបង់ផលប្រយោជន៍ និងទ្រព្យសម្បត្តិ ដោយប្រការណាមួយ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News