Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ មិនត្រូវការពឹងប្រទេសជិតខាងណា ដោះស្រាយបញ្ហាឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឡើយ, ថៃគួរផ្តោតលើការដោះស្រាយបញ្ហាផ្ទៃក្នុងរបស់ខ្លួន

    BY Liny Chan October 16, 2025
    សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ មិនត្រូវការពឹងប្រទេសជិតខាងណា ដោះស្រាយបញ្ហាឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឡើយ, ថៃគួរផ្តោតលើការដោះស្រាយបញ្ហាផ្ទៃក្នុងរបស់ខ្លួន

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ កម្ពុជាក៏មិនត្រូវការពឹងប្រទេសជិតខាងណា ដើម្បីដោះស្រាយបញ្ហាឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឡើយ ហើយប្រទេសថៃគួរផ្តោតលើការដោះស្រាយបញ្ហាផ្ទៃក្នុងរបស់ខ្លួន។

    ការលើកឡើងរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើង ក្នុងឱកាសដែលសម្តេចជួបពិភាក្សាការងារជាមួយ លោកស្រី គីម ជីណា អនុរដ្ឋមន្ត្រីទី២ នៃក្រសួងការបរទេសសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី១៦ ខែតុលា​នេះ។

    សម្តេចបានបញ្ជាក់តាមបណ្តាញសង្គមថា ក្នុងជំនួបភាគីទាំងពីរ បានពិភាក្សាគ្នា ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយបានគូសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការជាច្រើនឆ្នាំកន្លងមក រវាងអាជ្ញាធរកម្ពុជា និងអាជ្ញាធរកូរ៉េ ហើយដែលបានសម្រេចនូវលទ្ធផលល្អជាផ្លែផ្កាជាច្រើនរួចមកហើយ។ សម្តេចបានបញ្ជាក់ថា ក្នុងពេលជាមួយគ្នា កម្ពុជា និងកូរ៉េ នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នាដើម្បីបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅចូលរួមចំណែកថែរក្សា, ការពារសន្តិសុខ, សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ។

    សម្តេចនាយករដ្ឋមន្រ្តី បានបញ្ជាក់ដូច្នេះថា៖ «ប៉ុន្មានថ្ងៃនេះ បណ្តាញសារព័ត៌មានរបស់ប្រទេសជិតខាងមួយ បានផ្សាយថា មេដឹកនាំរបស់គេមានគម្រោងពិភាក្សាជាមួយ ឯកឧត្តមប្រធានាធិបតីកូរ៉េ ដើម្បីរកវិធីដោះស្រាយបញ្ហាការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា ដែលពាក់ព័ន្ធនឹងជនជាតិកូរ៉េ។ ខ្ញុំបានជម្រាបជូនលោកជំទាវ គីម ជីណា ថា ប្រសិនករណីនេះជាការពិត ខ្ញុំសូមឱ្យលោកជំទាវជម្រាបជូនឯកឧត្តមប្រធានាធិបតីកូរ៉េថា កម្ពុជាមិនត្រូវការពឹងពាក់ប្រទេសជិតខាងណាមួយ មកធ្វើការងារនេះជំនួសកម្ពុជាឡើយ ហើយមេដឹកនាំប្រទេសនោះគួរផ្តោតលើការដោះស្រាយបញ្ហាផ្ទៃក្នុងប្រទេសរបស់ខ្លួនឱ្យបានល្អទៅ»

    សម្តេចបានបន្តថា ចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងកូរ៉េ លើបញ្ហាប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ប្រទេសយើងទាំងពីរមានសមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ ក្នុងកិច្ចសហការទ្វេភាគី ដើម្បីដោះស្រាយបញ្ហា និងមិនចាំបាច់មានអ្នកទីបីមកជួយជំរុញនោះទេ។

    សូមបញ្ជាក់ថា ទំនាក់ទំនងកម្ពុជា-សាធារណរដ្ឋកូរ៉េ ត្រូវបានភ្ជាប់ឡើងវិញ នៅឆ្នាំ១៩៩៧ និងត្រូវបានដំឡើងកម្រិតដល់ភាពជាដៃគូយុទ្ធសាស្ត្រនៅឆ្នាំ២០២៤ កាន់តែមានភាពរឹងមាំ និងស៊ីជម្រៅ ជាមួយនឹងកិច្ចសហប្រតិបត្តិការកាន់តែរីកចម្រើនគួរឱ្យកត់សម្គាល់ ស្ទើរគ្រប់វិស័យ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: