ព័ត៌មានជាតិ October 21, 2025

វត្ថុបុរាណអាយុកាលច្រើនសតវត្សរ៍ ត្រូវពលរដ្ឋបានប្រគល់ជូនអាជ្ញាធរខេត្តស្ទឹងត្រែង ទុកជាសម្បត្តិមរតកវប្បធម៌ជាតិ

Liny Chan

(ស្ទឹងត្រែង)៖ វត្ថុបុរាណពីរប្រភេទ ដែលគេប៉ាន់ប្រមាណថាមានតម្លៃខ្ពស់ ត្រូវបានប្រជាពលរដ្ឋមួយគ្រួសារ ប្រទះឃើញនៅលើដីចំការផ្ទាល់ខ្លួន ហើយបាននាំយកមករក្សាទុកមិនតិចជាង ៧ឆ្នាំនោះទេ ប៉ុន្តែនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ បាននាំយកមកប្រគល់ជូន លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង ក្រោមទំនុកចិត្តខ្ពស់បំផុត ដើម្បីនាំយកទៅថែរក្សាទុកជាកេរ្តិ៍មរតកវប្បធម៌ដ៏មានតម្លៃរបស់ជាតិ។

ពលរដ្ឋល្អដែលបាននាំយកវត្ថុបុរាណដ៏មានតម្លៃទាំងពីរ គឺ «តុម្ព និងកង» ទៅប្រគល់ជូនអាជ្ញាធរខេត្តស្ទឹងត្រែង ឈ្មោះ ជាប ចាប ភេទប្រុស រស់នៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។ វត្ថុបុរាណទាំងពីរប្រភេទនេះ បើតាមការប៉ាន់ប្រមាណ អាចមានអាយុកាលជាច្រើនសតវត្សរ៍កន្លងមកហើយ ដែលបានកប់ក្រោមដី និងត្រូវបានប្រជាពលរដ្ឋប្រទះឃើញ នៅអំឡុងឆ្នាំ២០១៩ នៅលើដីចំការ ស្ថិតក្នុងភូមិអូរពងមាន់២ សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង និងទើបយកមកប្រគល់ជូន អាជ្ញាធរខេត្តស្ទឹងត្រែង នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ។

ការសម្រេចចិត្តរបស់ លោក ជាប ចាប ដែលបានប្រគល់វត្ថុបុរាណទាំងពីរ ជូនអាជ្ញាធរខេត្តនៅគ្រានោះ ត្រូវបានគេកត់សម្គាល់ឃើញថា បានបង្ហាញឲ្យឃើញពីការលះបង់ និងការចូលរួមខ្ពស់បំផុត ក្នុងការស្រឡាញ់ ថែរក្សា និងអភិរក្សសម្បត្តិវប្បធម៌ ដ៏មានតម្លៃរបស់ជាតិ សម្រាប់ប្រជាជាតិខ្មែរទាំងមូល។

នៅក្នុងឱកាសនោះ អភិបាលខេត្តស្ទឹងត្រែង ក្នុងនាមរដ្ឋបាលខេត្ត បានសម្តែងការអរគុណ ចំពោះលោក ជាប ចាប ដែលបាននាំយកវត្ថុបុរាណទាំងពីរនេះ មកប្រគល់ជូនអាជ្ញាធរខេត្ត និងលោកអភិបាលខេត្ត ក៏បានប្រគល់បន្តជូន លោកស្រី ញ៉ោច សាវឿន ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តស្ទឹងត្រែង សម្រាប់មន្ត្រីជំនាញសិក្សាស្រាវជ្រាវ និងរក្សាទុកជាមរតកវប្បធម៌ ដ៏ល្អផូរផង់របស់ជាតិ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News