ក្រុមហ៊ុនផលិតរថយន្ត និងគ្រឿងចក្ររបស់ចិន មានបំណងចង់សិក្សាស្វែងយល់ពីឱកាសវិនិយោគនៅខេត្តព្រះសីហនុ
(សៀងហៃ-ចិន)៖ លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុន Shanghai EnSiKai Investment (Group) Co., Ltd. ដែលជារោងចក្រផលិតរថយន្ត និងគ្រឿងចក្រដ៏សំខាន់មួយរបស់ប្រទេសចិន។

អភិបាលខេត្តព្រះសីហនុ បានថ្លែងថា ក្រុមហ៊ុននេះផ្តោតលើការវិនិយោគសមធម៌ឧស្សាហកម្ម ការផលិតគ្រឿងម៉ាស៊ីន និងការរួមបញ្ចូលខ្សែសង្វាក់ផ្គត់ផ្គង់ធនធានមូលធនជាមួយនឹងជំនាញបច្ចេកទេស ដើម្បីជំរុញកំណើនឧស្សាហកម្មរយៈពេលវែង។
ក្នុងជំនួបនេះទៀតសោត លោក ម៉ាង ស៊ីណេត បានឱ្យដឹងថា ក្រុមហ៊ុនមានបំណងចង់សិក្សាស្វែងយល់ពីឱកាសវិនិយោគនៅប្រទេសកម្ពុជា ក៏ដូចជាខេត្តព្រះសីហនុ។
គូសបញ្ជាក់ជូនថា រដ្ឋបាលខេត្តព្រះសីហនុ បានត្រៀមខ្លួនរួចជាស្រេចក្នុងការសហការ និងសម្របសម្រួលជូនអ្នកវិនិយោគទាំងអស់ដែលមានបំណងចង់មកវិនិយោគនៅខេត្តព្រះសីហនុ ឱ្យបានឆាប់រហ័ស តម្លាភាព និងមានប្រសិទ្ធភាពខ្ពស់៕ ផ្តល់សិទ្ធិដោយ៖ Fresh News



