Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    លោក ត្រាំ ដាក់ទណ្ឌ-កម្មលើក្រុមហ៊ុនប្រេងរុស្ស៉ី ក្រោយលុបចោលកិច្ចប្រជុំជាមួយលោក ពូទីន

    BY Liny Chan October 23, 2025
    លោក ត្រាំ ដាក់ទណ្ឌ-កម្មលើក្រុមហ៊ុនប្រេងរុស្ស៉ី ក្រោយលុបចោលកិច្ចប្រជុំជាមួយលោក ពូទីន

    (វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដាក់ទណ្ឌកម្មលើក្រុមហ៊ុនប្រេងចំនួន ២របស់រុស្ស៉ី កាលពីថ្ងៃពុធ ទី២២ ខែតុលា ជាមួយការប្រកាសលុបចោលជំនួបដែល បានគ្រោងទុកជាមួយលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ដោយសារតែមិនមានភាពរីកចម្រើនក្នុងកិច្ចចរចាស្វែងរកដំណោះស្រាយបិទបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

    លោក ត្រាំ បានស្ទាក់ស្ទើរក្នុងការដាក់ទណ្ឌកម្មប្រឆាំងរុស្ស៉ីអស់រយៈពេលជាច្រើនខែមកហើយ បើទោះជាមានការអំពាវនាវពីអ៊ុយក្រែន និងសម្ព័ន្ធមិត្ត NATO ក៏ដោយ។ ប៉ុន្តែលោក ត្រាំ ហាក់បង្ហាញការខកចិត្តកាន់តែខ្លាំងចំពោះលោក ពូទីន ដែលបានច្រានចោលសំណើបទឈប់បាញ់ជាបន្ទាន់មួយ ជាហេតុធ្វើឱ្យជំនួបដែលត្រូវបានគ្រោងទុករវាងមេដឹកនាំទាំង២ ក្នុងរដ្ឋធានី Budapest ប្រទេសហុងគ្រីត្រូវបានលុបចោល។ នេះបើតាមក្រុមមន្ត្រីអាមេរិក។

    ជាការឆ្លើយតបទៅនឹងសំណួរពីអ្នកសារព័ត៌មាន AFP នៅឯការិយាល័យពងក្រពើនៃសេតវិមាន លោក ត្រាំ បានគូសបញ្ជាក់ថា «រាល់ពេលដែលខ្ញុំសន្ទនាជាមួយ (លោក) វ្ល៉ាឌីមៀ ខ្ញុំតែងតែមានកិច្ចសន្ទនាដ៏ល្អ តែឥលូវកិច្ចសន្ទនាទាំងនោះមិនមានភាពរីកចម្រើននោះទេ»។ តែទោះជាបែបនេះក្ដី លោក ត្រាំ សង្ឃឹមថាទណ្ឌកម្មលើក្រុមហ៊ុនប្រេងរុស្ស៉ី គឺ Rosneft និង Lukoil នឹងមានរយៈពេលខ្លីប៉ុណ្ណោះ ហើយសង្រ្គាមនឹងត្រូវបានដោះស្រាយបញ្ចប់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: