ព័ត៌មានជាតិ October 23, 2025

កិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានធ្វើឡើង នៅប្រទេសម៉ាឡេស៊ី

Liny Chan

(ភ្នំពេញ)៖ កិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បាន ប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៣ ខែតុលាឆ្នាំ២០២៥នេះ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ក្រោមការសង្កេតការណ៍ពីតំណាងប្រទេសម៉ាឡេស៊ី តំណាងសហរដ្ឋអាមេរិក និងក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ប្រចាំនៅកម្ពុជា និងថៃ។ នេះបើតាមការប្រកាសរបស់អ្នកនាំពាក្យក្រសួងការពារជាតិ។

គណៈប្រតិភូកម្ពុជា ដឹកនាំដោយ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងជាសហប្រធានគណៈកម្មាធិការព្រំដែនទូទៅ(GBC)។ ចំណែកគណៈប្រតិភូថៃ ដឹកនាំដោយ នាយឧត្តមសេនីយ៍ ណាត់ថាក់ផុន ណាកផានីត រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រថៃ និងជាសហប្រធានគណៈកម្មាធិការព្រំដែនទូទៅ (GBC)។

លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានអះអាងថា កិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) នេះ គឺធ្វើបន្តពីកិច្ចប្រជុំពិសេសលើកទី១ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តកោះកុង ប្រទេសកម្ពុជា ដើម្បីពិនិត្យលើលទ្ធផលនៃការអនុវត្តគោលការណ៍ឯកភាពគ្នាដែលសម្រេចនៅក្នុងកិច្ចប្រជុំវិសាមញ្ញរបស់ GBC កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី។

អ្នកនាំពាក្យក្រសួងការពារជាតិបានអះអាងបន្តថា កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា កិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) នាពេលនេះនឹងទទួលបានលទ្ធផលជាវិជ្ជមានបន្ថែមទៀត ដើម្បីអនុញ្ញាតឱ្យភាគីទាំងពីរអាចបន្តជំរុញការអនុវត្តបទឈប់បាញ់ឱ្យមានប្រសិទ្ធភាពពេញលេញ សំដៅនាំមកនូវសន្តិភាព ស្ថិរភាព និងការវិលត្រឡប់ទៅរកប្រក្រតីភាពវិញបានឆាប់រហ័ស៕ ផ្ដល់សិទ្ធិដោយ៖ Fresh News