ស្រីស្អាតម្នាក់ ត្រូវនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យាឃាត់ខ្លួន ក្រោយឆ-បោកប្រាក់ ក្រោមរូបភាពទិញ-លក់ទូរស័ព្ទ តាមប្រព័ន្ធអនឡាញ
(ភ្នំពេញ)៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវ និងបង្រ្កាបលើករណីឆបោកប្រាក់ក្រោមរូបភាពទិញ-លក់ទូរស័ព្ទតាមអនឡាញ ដែលមានជនរងគ្រោះជាច្រើននាក់ ដែលបានដាក់ពាក្យបណ្ដឹង។

ការចុះបង្ក្រាបនេះ យោងតាមបញ្ជាដឹកនាំរបស់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំ ពីលោកឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ដោយមានការសម្របសម្រួលពី ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ។
នាយកដ្ឋាន បានឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ ព.ដ.ន ភេទស្រី ជនជាតិខ្មែរ។ តាមរយៈការស្រាវជ្រាវ សមត្ថកិច្ចកំណត់បានថា ជនសង្ស័យរូបនេះ ត្រូវបានជនអនាមិក អូសទាញឱ្យធ្វើសកម្មភាពទទួល និងផ្ទេរប្រាក់តាមគណនីធនាគារជាបន្ដបន្ទាប់ ហើយបានទទួលផលប្រយោជន៍ពីអំពើទុច្ចរិតនេះ។
ក្នុងនោះ ដែលគណនីហ្វេសប៊ុករបស់ជនអនាមិក នៅតែបន្ដបង្ហោះផ្សព្វផ្សាយទិញ-លក់ទូរស័ព្ទ និងស្វែងរកអ្នកចូលរួមធ្វើសកម្មភាពទទួលប្រាក់ និងតបឆាត តាមរយៈលេខទូរស័ព្ទ ០៩៦ ៦៦០ ០៣២៥, ០៩៦ ៧៨៣ ៩៧២៥ និងបានឱ្យ QR Code របស់គណនីធនាគារផ្សេងៗ តាមបណ្ដាញសង្គមនានា ក្នុងគោលបំណងជ្រើរើសបុគ្គលិកសម្រាប់ការងារ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋានឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។
នាយកដ្ឋាន សូមក្រើនរំលឹកដល់សារធារណជន សូមប្រុងប្រយ័ត្នខ្ពស់ ពីការផ្ដល់ឱកាសការងារតាមអនឡាញដែលមិនស្គាល់ប្រភពច្បាស់លាស់ អាចត្រូវបានជនអនាមិកបញ្ចុះបញ្ចូល អូសទាញ រហូតក្លាយជាអ្នកទទួលផលនៃបទល្មើសផ្សេងៗ និងត្រូវទទួលទោសតាមផ្លូវច្បាប់ជាធរមាន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News


