ក្រុមហ៊ុនសេដ្ឋកិច្ចរបស់ចិន ចាប់អារម្មណ៍ចុះ MOU ជាមួយក្រសួងទេសចរណ៍កម្ពុជា លើការបណ្តុះបណ្តាលទេសចរណ៍ឆ្លាតវៃ និងគ្រប់គ្រងសណ្ឋាគារ
(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ បានអនុញ្ញាតជូនលោកស្រី Hu Heng ប្រធាននាយកដ្ឋានកិច្ចការបរទេស នៃក្រុមហ៊ុនសេដ្ឋកិច្ចអន្តរជាតិ និងកិច្ចសហប្រតិបត្តិការបច្ចេកទេស ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុង Wu Han សាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការលើការអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈតាមតម្រូវការទីផ្សារបច្ចុប្បន្ន ដូចជាថ្នាក់ទេសចរណ៍ឆ្លាតវៃ (Smart Tourism) និងគ្រប់គ្រងសណ្ឋាគារ (Hotel Management) នៅទីស្តីការក្រសួងទេសចរណ៍។

ក្នុងឱកាសនៃជំនួប រដ្ឋមន្រ្តី ហួត ហាក់ បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ ដល់ក្រុមហ៊ុនសេដ្ឋកិច្ចអន្តរជាតិ និងកិច្ចសហប្រតិបត្តិការបច្ចេកទេសរបស់ប្រទេសចិន លើគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការ និងការបណ្តុះបណ្តាលធនធានមនុស្សនៅក្នុងវិស័យទេសចរណ៍ ជាមួយក្រសួងទេសចរណ៍កម្ពុជា ជាពិសេសគឺការបណ្តុះបណ្តាលសមត្ថភាពគ្រូបង្រៀន ជំនាញវិជ្ជាជីវៈថ្នាក់ទេសចរណ៍ឆ្លាតវៃ និងការគ្រប់គ្រងសណ្ឋាគារដល់សិស្ស និស្សិតដើម្បីលើកកម្ពស់គុណភាពអប់រំ និងដើម្បីបង្កើនប្រាក់ចំណូលបន្ថែមផងដែរ។
ជាមួយគ្នានេះដែរ លោករដ្ឋមន្រ្តី និងលោកស្រីប្រធាននាយកដ្ឋានក្រុមហ៊ុន បានឯកភាពគ្នាលើការជួយបណ្តុះបណ្តាលសមត្ថភាពភាសាចិនសម្រាប់មគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិន និងបើកវគ្គបណ្តុះបណ្តាលសម្រាប់មគ្គុទ្ទេសក៍ ទេសចរណ៍ឱ្យច្រើន ដើម្បីបំពេញតម្រូវការភ្ញៀវទេសចរណ៍ចិន ព្រមទាំងធ្វើការទំនាក់ទំនងជាមួយដៃគូរពីប្រទេសចិន ក្នុងការរៀបចំជាសន្និសីទផ្លាស់ប្តូរវិស័យទេសចរណ៍ពាក់ព័ន្ធ និងការអប់រំវិជ្ជាជីវៈទេសចរណ៍អន្តរជាតិធំៗនៅកម្ពុជា ដោយក្រសួងសូមស្វាគមន៍ និងរីករាយជួយសហការសម្របសម្រួលជូនដល់ក្រុមហ៊ុនផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News












