ករណីឧត្តមសេនីយ៍ត្រី ឈឹម ឆែម នាយករងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ បង្កហិង្សាលើស្ដ្រីម្នាក់ ត្រូវផ្អាកមុខតំណែង និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ
(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ត្រី អេង ហ៉ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ថា ករណីឧត្តមសេនីយ៍ត្រី ឈឹម ឆែម នាយករងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ដែលបង្កហិង្សាលើ ស្ដ្រីម្នាក់ ត្រូវស្នើតាមឋានានុក្រមដើម្បីផ្អាកមុខតំណែង និងកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។

ក្នុងសេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ត្រី អេង ហ៉ី បានបញ្ជាក់ថា បន្ទាប់ពីទទួលបានព័ត៌មានករណីបង្កអំពើហិង្សាទៅលើជនរងគ្រោះឈ្មោះ ប៉ែន សុខណា ភេទស្រី អាយុ២០ឆ្នាំ នៅចំណុចមុខតូបលក់ចាប់ហួយ ភូមិគោកឃ្លាង សង្កាត់គោក ឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ វេលាម៉ោង២០៖០០នាទី ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ហើយនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ កម្លាំងស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនប្រព្រឹត្តបទល្មើស និងបានសហការផ្ទេរសមត្ថកិច្ចឱ្យមកកងរាជអាវុធហត្ថ ដោយសារបុគ្គលប្រព្រឹត្តបទល្មើសជាយោធិន ស្ថិតក្រោមការគ្រប់គ្រងរបស់កងរាជអាវុធហត្ថ។
មន្ត្រីនគរបាលយុត្តិធម៌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ ប្រមូលវត្ថុតាង ស្តាប់ចម្លើយជនរងគ្រោះ សាក្សី និងចម្លើយរបស់ឈ្មោះ ឈឹម ឆែម ពិតជា បានបង្កហិង្សាដោយចេតនាទៅលើ ជនរងគ្រោះពិតប្រាកដមែន។
កងរាជអាវុធហត្ថសម្រេចស្នើសុំតាមឋានានុក្រមទៅអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ផ្អាកមុខតំណែង និងបញ្ជូនសំណុំរឿង ជនប្រព្រឹត្តបទល្មើសឈោ្មះ ឈឹម ឆែម ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕ ផ្ដល់សិទ្ធិដោយ៖ Fresh News






