ព័ត៌មានជាតិ October 27, 2025

អាជ្ញាធរជាតិអប្សរា ជូនដំណឹងពីការដាក់ឱ្យដំណើរការ ខ្សែទស្សនាថ្មីនៅប្រាសាទមួយចំនួន នៃរមណីយដ្ឋានអង្គរ

Liny Chan

(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា បានចេញសេចក្តីជូនដំណឹង ស្តីពីការដាក់ឱ្យដំណើរការ ខ្សែទស្សនាថ្មីនៅប្រាសាទមួយចំនួន នៃរមណីយដ្ឋានអង្គរ។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥។

សេចក្ដីជូនដំណឹង បានឲ្យដឹងថា ក្នុងគោលដៅផ្តល់នូវបទពិសោធន៍ទស្សនាថ្មី ឱ្យកាន់តែសម្បូរបែបជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក៏ដូចជាក្នុងគោលបំណង ដើម្បីលើកតម្កើងតម្លៃលេចធ្លោជាសកល នៃរមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរា បានរៀបចំខ្សែទស្សនាថ្មី នៅតាមទីតាំងប្រាសាទមួយចំនួន ដូចខាងក្រោម៖

* ១៖ ប្រាសាទអង្គរវត្ត
ខ្សែទស្សនាមានចំនួន០៣ជម្រើស ក្នុងនោះមានដូចជា៖
ទី១ «ទិសដៅទស្សនាបែបទេសចរ» រយៈពេល ០២ម៉ោង
ទី២ «ទិសដៅទស្សនាបែបជំនឿ និងសាសនា» រយៈពេល ២ម៉ោង ៣០នាទី
និងទី៣ «ទិសដៅទស្សនាបែបប្រវត្តិសាស្ត្រ» រយៈពេល ០៣ម៉ោង

* ២៖ ប្រាសាទតាព្រហ្ម
ខ្សែទស្សនាមានចំនួន០២ជម្រើស ក្នុងនោះមានដូចជា៖
ទី១ «ខ្សែទស្សនាចូលតាមខ្លោងទ្វារខាងកើត» រយៈពេល ១ម៉ោង ១០នាទី
និងទី២ «ខ្សែទស្សនាចូលតាមខ្លោងទ្វារខាងលិច» រយៈពេល ១ម៉ោង ២៥នាទី

* ៣៖​ ប្រាសាទបន្ទាយស្រី
ខ្សែទស្សនាមានចំនួន០២ជម្រើស ក្នុងនោះមានដូចជា៖
ទី១ «ខ្សែទស្សនាខ្លី» រយៈពេល ១ម៉ោង ២០នាទី
និងទី២ «ខ្សែទស្សនាវែង» រយៈពេល ១ម៉ោង ៤០នាទី

* ៤៖ ប្រាសាទចៅសាយទេវតា និងប្រាសាទធម្មនន្ន
ខ្សែទស្សនាមានចំនួន០២ជម្រើស ក្នុងនោះមានដូចជា៖
ទី១ «ខ្សែទស្សនាខ្លី» រយៈពេល ៣០នាទី
និងទី២ «ខ្សែទស្សនាវែង» រយៈពេល ៧០នាទី

* ៥៖ ប្រាសាទនាគព័ន្ធ
ខ្សែទស្សនាមានចំនួន០៣ជម្រើស ក្នុងនោះមានដូចជា៖
ទី១ «ខ្សែទស្សនាក្រៅប្រាសាទ» រយៈពេល ១ម៉ោង ១៥នាទី
ទី២ «ខ្សែទស្សនាក្នុងប្រាសាទ» រយៈពេល១ម៉ោង
និងទី៣ «ខ្សែទស្សនាសម្រាប់អ្នកជិះទូក» រយៈពេល ១ម៉ោង ៤៥នាទី

* ៦៖ ប្រាសាទភ្នំក្រោម
ខ្សែទស្សនាមានរយៈពេល៣០នាទី។

អាជ្ញាធរជាតិអប្សរា សូមបញ្ជាក់ជូនបន្ថែមថា ការរៀបចំខ្សែទស្សនាថ្មីនេះ គឺដើម្បីលើកទឹកចិត្តឱ្យភ្ញៀវទេសចរ អាចទស្សនាចំណុចសំខាន់ៗ នៃប្រាសាទតាមរយៈបទពិសោធន៍ដំបូង ជាមួយផ្ទាំងព័ត៌មានប្រវត្តិសាស្ត្រ និងជាបន្ត បន្ទាប់ ដូចជាផ្ទាំងព័ត៌មានចម្លាក់រឿងតាមថែវ និងទីតាំងថតរូបស្អាតៗជាដើម -ល-។

អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា ខ្សែទស្សនាថ្មីដូចមានក្នុងផែនទីភ្ជាប់ជូនមកជាមួយ នឹងចាប់ផ្តើមអនុវត្តគិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News