ព័ត៌មានជាតិ November 1, 2025

ជូនដំណឹង! ខេត្តរតនគិរី នឹងរៀបចំការតាំងលក់ផលិតផល ការប្រគំតន្ត្រី បាញ់កាំជ្រូច និងការបង្ហោះគោម នៅថ្ងៃទី៤-៦ ខែវិច្ឆិកា ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក

Liny Chan

(រតនគិរី)៖ ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក ដែលនឹងឈានចូលមកដល់នាពេលខាងមុខ រដ្ឋបាលខេត្តរតនគិរី នឹងរៀបចំព្រឹត្តិការណ៍ «បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក» ដែលនឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃគឺចាប់ពីថ្ងៃទី០៤-០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងបរិវេណមាត់បឹងកន្សែង ស្ថិតនៅក្នុងភូមិទេសអន្លង់ សង្កាត់កន្សែង ក្រុងបានលុង ដូចបណ្តាឆ្នាំកន្លងទៅ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលបាលខេត្តដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥។

សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តរតនគិរី បានបញ្ជាក់ថាព្រឹត្តិការណ៍ បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក គឺជានៀមទម្លាប់ប្រពៃណីជាតិខ្មែរ ដ៏ល្អផូរផង់តាំងពីបុរាណកាលមក។ ទន្ទឹមនឹងនេះ ក៏មានការប្រគុំតន្ត្រី បាញ់កាំជ្រូច ការបង្ហោះគោម ការតាំងពិព័រណ៍ បង្ហាញផលិតផលខ្មែរ សម្ភារប្រើប្រាស់ក្នុងស្រុកដើម្បីបង្កបរិយាកាសសប្បាយរីករាយ។

តាមរយៈការរៀបចំព្រឹត្តិការណ៍នេះ រដ្ឋបាលខេត្តសង្ឃឹមថា ភ្ញៀវជាតិ-អន្តរជាតិ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន នឹងអញ្ជើញមកចូលរួមកម្សាន្តសប្បាយរីករាយឲ្យបានច្រើនកុះករ និងអធិកអធម្ម ដើម្បីរួមចំណែកលើកកម្ពស់វប្បធ៌ម ប្រពៃណីជាតិខ្មែរ ពិសេសសក្តានុពលនៃខេត្តរតនគិរីផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News