ព័ត៌មានជាតិ November 7, 2025

ស្រូវសើមជិត១ម៉ឺនតោន ត្រូវបានរោងម៉ាសុីន ដៃគូជាមួយក្រសួងកសិកម្ម ប្រមូលទិញពីកសិករ

Liny Chan

(ភ្នំពេញ)៖ បើតាមរបាយការណ៍របស់ក្រសួងកសិកម្ម បានឱ្យដឹងថា បរិមាណស្រូវសើមជិត១មុឺនតោន ត្រូវបានរោងម៉ាសុីន ដៃគូជាមួយក្រសួងកសិកម្ម សម្រុកប្រមូលទិញពីបងប្អូនកសិករនៅទូទាំងប្រទេសក្នុងថ្ងៃនេះ។

ចំនួននេះត្រូវបានរំពឹងទុកថានឹងហក់ឡើងខ្ពស់ខ្លាំងនៅក្នុងខែវិច្ឆិកានេះ ដែលជារដូវប្រមូលផលធំលើផ្ទៃដីដាំដុះប្រហែល១,៥លានហិកតា ជាមួយនឹងបរិមាណផលចន្លោះពី៤-៥លានតោនស្រូវសើម។

ប្រភពដដែលបានបញ្ជាក់ថា ប៉ុន្មានខែកន្លងមកនេះ តាមរយៈមន្ត្រីកសិកម្មឃុំនិងរោងម៉ាសុីនដៃគូទាំងអស់ ក្រសួងកសិកម្មនិងសហព័ន្ធស្រូវអង្ករបានធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធស្ទើរតែរៀងរាល់ថ្ងៃជាមួយនឹងវិសាលភាពដ៏ធំធេង ដើម្បីធានាឱ្យបានថាការប្រមូលទិញស្រូវពីបងប្អូនកសិករយើងនៅតាមទីវាលនៅតែមានលំហូរជាប់ជាប្រចាំ និងជួយមិនឱ្យកសិករកកស្ទះរហូតដល់ខូចស្រូវនោះឡើយ។

សូមជម្រាបថា ក្រោយមានការត្អូញត្អែរពីប្រជាកសិករពាក់ព័ន្ធនឹងតម្លៃស្រូវ ក្រសួងកសិកម្មដែលមាន លោក ឌិត ទីណា ជារដ្ឋមន្ត្រី បានធ្វើការអន្តរាគមន៍ភ្លាមៗ និងបានសហការណ៍ជាមួយរោងម៉ាស៊ីនកិនស្រូវទូទាំងប្រទេស ដើម្បីប្រមូលទិញស្រូវពីកសិករក្នុងតម្លៃសមរម្យណាមួយ។

យ៉ាងណាមិញ លោក នៅតែអំពាវនាវប្រជាកសិករឱ្យចងក្រងជាសហគមន៍កសិកម្មទំនើប ដែលធានាទាំងតម្លៃ គុណភាព ស្ដង់ដាររួមមួយសម្រាប់អ្នកលក់ និងអ្នកទិញ តាមរយៈកិច្ចសន្យាផលិតកម្ម។

តួយ៉ាង សហគមន៍កសិកម្មទំនើបចំនួន៦ នៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ បានចុះកិច្ចសន្យាផលិតកម្មជាមួយ ក្រុមហ៊ុន វីរៈ ប៊ុនថាំ គ្រុប ដែលទទួលទិញស្រូវស្រង៉ែស្រាល ក្នុងតម្លៃចន្លោះពី ៩៥០៛ ទៅ១០៥០៛ ក្នុង១តោន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News